Gangnam Style ធ្លាប់​ជា​វីដេអូ​មាន​អ្នក​​មើល​ច្រើន​ជាង​គេ ពេល​នេះ​ខ្ទាត​ដល់​ណា​ហើយ?

ចាប់​តាំង​ពី​​ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា​​ឆ្នាំ​ ២០១២ មក​វីដេអូ​​ចម្រៀង​ “Gangnam Style” របស់​ Psy ​បាន​ជាប់​ជា​វីដេអូ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​លំដាប់​លេខ​មួយ​​​លើ​ YouTube ជា​មួយ​ចំនួន​ទស្សនា​ ៨០៣ លាន​ដង​ ដោយ​​បាន​វ៉ា​ដាច់​​វីដេអូ​ចម្រៀង​ “Baby” របស់​ Justin Bieber។

កាន់​តំណែង​កំពូល​នេះ​បាន​ជាង​ ១ ៦៨៩ ​ថ្ងៃ ពោល​នៅ​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​ ឆ្នាំ​ ២០១៧​ “Gangnam Style” ក៏​ត្រូវ​បាន​វីដេអូ​ចម្រៀង​ “See You Again” ច្រៀង​ដោយ​ Wiz Khalifa និង Charlie Puth ​ផ្ដួល​រលំ​ ឡើង​ឈរ​លើ​តំណែង​​លេខ​មួយ​ ជា​មួយ​ចំនួន​ទស្សនា​ ២ ៨៩៤ លាន​ដង

យ៉ាងណាក្ដី​ការ​ឈរ​លើ​តំណែង​កំពូល​របស់​ “See You Again” មិន​ទាន់​បាន​មួយ​ខែ​ស្រួល​បួល​ផង​ វីដេអូ​ចម្រៀង​ជា​ភាសា​អេស្ប៉ាញ​​ “Despacito” របស់​ Luis Fonsi បាន​​ហក់​ឡើង​តំណែង​កំពូល​លេខ​មួយ​នៅ​ថ្ងៃ​ទី​ ៤ ខែ​សីហា​ ឆ្នាំ​ ២០១៧ ដែល​មាន​ចំនួន​ទស្សនា​ ២ ៩៩៣ លាន​ដង ហើយបច្ចុប្បន្នមានចំនួនទស្សនា ៤,៧ ពាន់​លាន​ដង។

ការ​ប្រកួត​ប្រជែង​នេះ​ធ្វើ​ឲ្យ​ “Gangnam Style” ដែល​ធ្លាប់​​កាន់​តំណែង​ជា​វីដេអូ​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​រយៈពេល​​ជាង​ ៤ ឆ្នាំ​ ត្រូវ​ធ្លាក់​មក​នៅ​តំណែង​លេខ​ ៤ ដោយ​ចំនួន​អ្នក​ទស្សនា​បច្ចុប្បន្ន​មាន​ ៣,០៨ ពាន់​លាន​ដង។ វីដេអូ​ចម្រៀង​ “Shape of You” របស់​ Ed Sheeran ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ៣ ដែល​មាន​ចំនួន​ទស្សនា​ ៣,០៨ ពាន់​លាន​ដង។

បច្ចុប្បន្ន​នេះ​មាន​វីដេអូ​ចំនួន​ ៤ ប៉ុណ្ណោះ​ដែល​មាន​ចំនួន​ទស្សនា​ដល់​ខ្ទង់​ ៣ ពាន់​លាន​ដង​នៅ​លើ​ YouTube គឺ​ “Despacito”, “See You Again”, “Shape of You” និង “Gangnam Style”។ វីដេអូ​ដែល​នឹង​មាន​ចំនួន​ទស្សនា​ ៣ ពាន់​លាន​ដង​បន្ទាប់​ទៀត​មាន “Uptown Funk” របស់​ Mark Ronson ជា​មួយ​ Bruno Mars របស់​ និង “Sorry” របស់​ Justin Bieber ដែល​មាន​ចំនួន​ទស្សនា​​ខ្ទង់ ២,៨ ពាន់​លាន​ដង៕​​​​​​​​​

“Despacito” វីដេអូចម្រៀង​ដែល​មាន​ចំនួន​ទស្សនា​ច្រើនជាងគេបំផុតនាពេលនេះ ៖