ទង្វើ​ម្តាយ​១​រូបនេះ​…​បានធ្វើឱ្យ​មហាជន​ស្តីបន្ទោស​គាត់​ខ្លាំង​

(​ហ្វីលីពីន) ៖ តាម​ប្រភពពី​Oddity Central​បានឱ្យដឹងថា វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ម្តាយ​ម្នាក់ បាន​ព្យាយាម​បញ្ចុក​បាយ​កូនប្រុស​អាយុ​១៣​ឆ្នាំ​នៅ​កន្លែង​លេង​ហ្គេម ក៏បាន​ធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​និយាយ​ពី​បញ្ហា​ញៀន​ហ្គេម​របស់​ក្មេងៗ ។​

​ស្ត្រី​ជា​ម្តាយ​ឈ្មោះ Lilybeth Marvel អាយុ​៣៧​ឆ្នាំ ប្រាប់ថា ឃើញ​កូន​គាត់​ឈ្មោះ Carlito ស្តែងចេញ​ទង្វើ​ចម្លែក​តាំងពី​២​ឆ្នាំមុន ដោយសារតែ​រូបគេ​បាន​នៅ​កន្លែង​លេង​ហ្គេម​ក្បែរ​ផ្ទះ​នៅ Nueva Ecija ប្រទេស​ហ្វីលីពីន ដល់​យប់ៗ​ពេក ។ មូល ហេតុគឺ​មកពី​ក្មេង​ម្នាក់នេះ ជក់​លេង​ហ្គេម​មួយ Rules of Survival ។​

​កាលពី​សប្តាហ៍​មុន Marvel បាន​យក​បាយ​ឱ្យ​កូន​ដល់​កន្លែង​លេង​ហ្គេម​។ ទៅដល់​ទីនោះ Carlito មិន​ព្រម​ឈប់​លេង ហើយ​មក​ញ៉ាំ​បាយ​សិន​ទេ ។ គេ​បាន​នៅ​អង្គុយលេង​ដដែល ដោយ​ឱ្យ​ម្តាយ​ជា​អ្នក​តាម​បញ្ចុក​បាយ ដោយសារតែ​កូន​មិនទាន់បាន​ឈប់​លេង​ទេ អស់​ពេល​៤៨​ម៉ោង ។​

​នៅក្នុង​វី​ឌី​អូ​នោះ គេ​បានឮ​ស្ត្រី​ជា​ម្តាយ​និយាយ​ទៅកាន់​កូន​ថា «​កូន​កម្សត់​របស់​ម្តាយ នេះ​ញ៉ាំ​ទៅ ។ កូន​មាន​លុយ​ច្រើន​ហើយ ដែល​អាច​នឹង​នៅ​លេង​ដល់​ថ្ងៃស្អែក​។ តើ​កូន​ចង់​នោម​សិន​អត់​? ឱ​! កូន​ខ្ញុំ​អើយ ពិតជា​គួរឱ្យ​អាណិត​ណាស់​» ។​

​ក្រោយ​វីដេអូ​នេះ បាន​បង្ហោះ​លើ​អន​ឡាញ មហាជន​បាន​រិះគន់​ទៅលើ​ទង្វើ​ម្តាយ ដែល​សុខចិត្ត​ទៅ​ទ្រ​កូន​ដល់​ម្លឹ​ង​។ ពួកគេ​ថា គាត់​គួរតែ​អូស​កូន​យកទៅ​ផ្ទះ​បានជា​ការត្រឹមត្រូវ ។ Marvel ក៏បាន​ចេញមុខ​បក​​ស្រាយ​លើ​បណ្តាញ​សង្គម​ថា «​គាត់​ធ្លាប់បាន​ហាមប្រាម​កូន​មិនឱ្យ​ទៅលេង​ច្រើនដង​ហើយ ។​

​តែ​គេ​មិន​ព្រមស្តាប់ ហើយ​នៅតែ​រក​ពេល​លួច​ទៅលេង​ដដែល ។ គាត់​ក៏បាន​ស្នើសុំ​ឱ្យមាន​ការជួយ​ពី​សំណាក់​អ្នកដទៃ​ដែរ នៅពេលនេះ ដោយសារតែ​ការ​ញៀន​របស់​កូន​ពិតជា​ដល់​កម្រិត​ធ្ងន់ធ្ង​រ​មែនទែន៕​