បុគ្គល​អស់​សេចក្តី​ល្អ​មិន​អាចជួយ​ខ្លួនឯង​បានឡើយ​

(ភ្នំពេញ)៖ បើ​បុគ្គល​ប្រើប្រាស់​ទ្រព្យ​ក្នុង​ផ្លូវខុស អ្នកនឹង​ដល់​នូវ​សេចក្តី​សៅហ្មង​ដោយសារ​ទ្រព្យសម្បត្តិ​នោះឯង​។ សូម​មនុស្ស​ទាំងអស់​កុំ​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង​នោះ តែ​ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​សេចក្តី​សោកសៅ​ផង ។​

​អ្នកផ្សេង​ធ្វើ​ល្អ​មកលើ​យើង គឺ​វា​ល្អ​ពិត​មែនហើយ ប៉ុន្តែ​មិនមែនជា​អំពើ​ល្អ​របស់​យើង​ទេ មនុស្ស​មិនមាន​នូវ​អំពើ​ល្អ​សម្រាប់​ខ្លួន មិន​អាចជួយ​ខ្លួនឯង​បានឡើយ ទាំង​អ្នកដទៃ​ក៏​មិន​អាចជួយ​បានដែរ ។​

​គុណ​តម្លៃ​នៃ​ការងារ​មនុស្ស​គ្រប់គ្នា​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បានច្បាស់លាស់ បើ​ពុំ​ដូច្នោះ​ទេ ប្រាកដជា​យល់ថា​ការងារ​ទុច្ចរិត ជា​ការងារ​មានតម្លៃ​ហើយ នឹង​ឱ្យ​ផល​បានត្រឹមតែ​សេចក្តី​សៅហ្មង​ប៉ុណ្ណោះ ។​

​មែនហើយ​នៅក្នុង​លោក​នេះ​មិនមាន​អ្វីដែល​យើង​បានមក​ដោយ​ឯងៗ ដែល​មិនមាន​ជា​លទ្ធផល​នៃ​ការងារ​របស់ខ្លួន​នោះទេ គ្រាន់តែ​ថា មានការ​ងារ​ខ្លះ​យើង​បានធ្វើ​ហើយ​ក្នុង​ជាតិ​នេះ និង​ការងារ​ខ្លះ​យើង​បានធ្វើ​អំពី​ជាតិ​មុន​មក ។​

​ការយល់ដឹង​អំពី​លទ្ធផល​នៃ​ការងារ​យ៉ាងនេះ រមែង​កាត់បន្ថយ​នូវ​ក្តី​សៅហ្មង សម្រាល​តណ្ហា ដែល​តែង​ប្រាថ្នា​ក្នុង​វត្ថុ​ទាំងពួង​ឲ្យ​ថយកម្លាំង​បាន​ខ្លះ ហើយ​ញ៉ាំង​សេចក្តី​សន្តោស​ឲ្យ​ចម្រើន​ឡើង ជីវិត​នឹង​បាន​សុខ៕