មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រាប់នាយទាហាន និងពលទាហានទាំងអស់ ត្រូវឈរលើឆន្ទៈមុះមុត ក្នុងកិច្ចការពារជាតិ មាតុភូមិ និងត្រូវស្មោះត្រង់ដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ ត្រូវឈរលើឆន្ទៈមុះមុត ក្នុងកិច្ចការពារជាតិ មាតុភូមិ និងត្រូវស្មោះត្រង់ដាច់ខាត ក្នុងការការពារ រាជរដ្ឋាភិបាល ស្របច្បាប់។ ការក្រើនរំលឹកដល់កងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា គឺក្នុងគ្រាដែលលោកឧត្តមសេនីយ៍ បានអញ្ជើញចុះទៅកាន់តំបន់ព្រំដែន ដើម្បីដឹកនាំការធ្វើលំហាត់ហ្វឹកហ្វឺនយុទ្ធដំណើរទ័ព ប្រចាំឆ្នាំ២០២០។ លំហាត់យុទ្ធដំណើរទ័ពនេះ បានធ្វើឡើងក្នុងរវាង៣ថ្ងៃបន្តបន្ទាប់គ្នា នាថ្ងៃចុងសប្តាហ៍មុននេះ។

មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ ថ្លែងឲ្យដឹងថា លំហាត់ហ្វឹកហ្វឺនយុទ្ធដំណើរទ័ព ដែលបានធ្វើឡើងនៅក្នុងពេលនេះ គឺអង្គភាពតំបន់សឹករងខេត្ត បានអនុវត្តតាមផែនការហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសម្រាប់ឆ្នាំ២០២០ របស់កងទ័ពជើងគោក និងយោធភូមិភាគទី៤ ដើម្បីជាជំនួយ និងពង្រឹងគោលជំហរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឲ្យនៅតែមានស្មារតីម្ចាស់ការ និងរឹងមាំ ក្នុងការគ្រប់គ្រងទីតាំងរបស់ខ្លួនដើម្បីពង្រឹងសមត្ថភាព កាយសម្បទា ពង្រឹងលើការប្រយុទ្ធ ការចល័តអន្តរាគមន៍ នៅទិសព្រំដែនជួរមុខ ក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ និងការពង្រឹងធនធានចំណេះដឹងបន្ថែម ដល់នាយទាហាន នាយទាហានរង និងពលទាហាន អោយបានយល់កាន់តែច្បាស់ អំពីក្បួនប្រយុទ្ធ និងការពួនស្ទាក់វាយផ្ទប់លើកម្លាំងសត្រូវ ដែលមានមហិច្ឆិតាចង់រំលោភបំពាន មកលើបូរណភាពទឹកដីកម្ពុជា។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា ការធ្វើលំហាត់ហ្វឹកហ្វឺនយុទ្ធដំណើរទ័ពនេះ គឺជាជ្រុងអាទិភាពមួយសម្រាប់វិស័យការពារជាតិ ព្រោះកងទ័ពត្រូវមានតួនាទីហ្វឹកហាត់ ពីរបៀបធ្វើសឹកសង្រ្គាម ដើម្បីការពារអធិបតេយ្យភាព បូរភាពទឹកដីរបស់ខ្លួន។ លោកបន្តថា លំហាត់យុទ្ធដំណើរទ័ព ត្រូវធ្វើឡើងនៅតាមភូមិសាស្ត្រ តំបន់ព្រៃភ្នំ ជ្រោះជ្រលងដងអូរ វាលទំនាប តំបន់ខ្ពង់រាប ត្រូវធ្វើដំណើរថ្មើជើង ដោយឆ្លងកាត់ព្រៃស្រោងក្រាស់ៗ នៅតាមចំរ៉ាក់ជើងភ្នំ ឡើងលើភ្នំ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺត្រូវដាក់កម្លាំងស៊ីបការណ៍ ដើម្បីក្តាប់ឲ្យបានពីសភាពការរបស់សត្រូវ។ លោកឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា ការធ្វើលំហាត់ហ្វឹកហ្វឺនយុទ្ធដំណើរទ័ព ក្នុងឆ្នាំ២០២០នេះ គឺអង្គភាពបានបែងចែកមុខព្រួញពីរផ្សេងគ្នា គឺមុខព្រួញទី១ ធ្វើឡើងនៅទិសព្រំដែនកម្ពុជា-ថៃ និងមុខព្រួញទី២ ធ្វើឡើងនៅទិសព្រំដែនកម្ពុជា-ឡាវ ហើយទិសទាំងពីនេះ គឺជាខ្សែក្រវ៉ាត់ការពារព្រំដែនកម្ពុជា។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងក្រើនរំលឹក ដើម្បីដាស់ស្មារតីដល់កងទ័ពជួរមុខទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌កងទ័ព និងរង់ចាំស្តាប់បទបញ្ជាថ្នាក់លើ ត្រូវមានចិត្តមុះមុតអង់អាចក្លាហាន ក្នុងការត្រៀមប្រយុទ្ធ ដើម្បីការពារជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងត្រូវការពារឲ្យបានដាច់ខាត រាជបល័្លង្ក រដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់។ លោកឧត្តមសេនីយ៍ បានថ្លែងកោតសរសើរ ចំពោះការខិតខំហ្វឹកហាត់ក្នុងក្បួនយុទ្ធដំណើរទ័ព ដោយឆ្លងកាត់ការលំបាកជាច្រើន ហើយបានបិទបញ្ចប់ទៅ ក្នុងរវាង៣ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ប្រកបដោយជោគជ័យ ដើម្បីពង្រឹងវិស័យការពារជាតិ ឲ្យបានកាន់តែរឹងមាំថែមទៀត៕ ដោយ៖ សួន ពិសិដ្ឋ