នារីម្នាក់ ទំនងជាស្រវឹងធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន ទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖ កាលពីយប់កកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបR6 តាមបណ្តោយផ្លូវR6 កែងនិងផ្លូវR5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករនីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមាននារីម្នាក់ បានបើករថយន្តតូយ៉ូតាព្រូស១គ្រឿង បោះពួយយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង មិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញនារីម្នាក់ បើកបររថយន្ត១គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-1815 ដោយមានរួមដំណើរជាមួយមិត្តភក្ដិប្រុសស្រីចំនួន ២នាក់ទៀត ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវR6 ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចស្តុបកើតហេតុ រថយន្តខាងលើ បានបួងចង្កូតបត់ស្តាំទៅផ្លូវR5 ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបែកបាក់។ ចំណែកឯរថយន្តបង្ក បានហោះឡើងទៅកល់ជាប់ពីលើខឿន រងការខូចខាតក្រពឹតយ៉ាងដំណំ។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានហៅប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ និងអ្នកឈប់ចោមរោមមើល ឲ្យជួយរុញរថយន្តចេញពីលើខឿន។

ក្រោយកើតហេតុ ក៏មានសន្តិសុខដែលមើលការខុសត្រូវ នៅក្នុងតំបន់បឹងកក់ បានមកអន្តរាគមន៍ ដោយសារតែផ្លូវខាងលើ គឺជាកម្មសិទ្ធិឯកជន។ មួយសន្ទុះក្រោយមក ក៏មានដំណាងភាគីខាងអ្នកបើករថយន្តបង្ក បានចូលខ្លួនមកធ្វើការដោះស្រាយ ដោយយល់ព្រមធ្វើការជួសជុលខឿនផ្លូវទ្បើងវិញ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕ ដោយ៖ Micheal