បុរសម្នាក់បើករថយន្តកុងតឺន័រ ក្នុងល្បឿនលឿនបុករះកង់បីឥណ្ឌា និងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់

(ភ្នំពេញ)៖​ បុរសម្នាក់បើករថយន្តកុងតឺន័រយ៉ាងលឿន ជ្រុលចង្កូតបុករះ និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាលពីរនាក់ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ ក្បាលពណ៌ផ្ទៃមេខ ពាក់ស្លាកលេខភ្នំពេញ 3C-0218 បើកបរដោយបុរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតមកស្តាំបុកម៉ូតូកង់បីឥណ្ឌា ពណ៌ស ស្លាកលេខកណ្តាល 1AA-3513 និងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក PCX ពណ៍ខ្មៅ ពាក់ស្លាកលេខ 1HQ-9699 បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់។ រថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកបង្គោលភ្លើងស្តុបមួយដើមទៀត បណ្តាលឲ្យទ្រេតទៅមុខលែងរួច ហើយបន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចុះវាស់វែងយករថយន្តបង្ក និងអ្នកបើក រួមនឹងកង់បីឥណ្ឌា ម៉ូតូ ជនរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖ សង្ក្រាន្ត