ទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨មីនាខាងមុខ

(ភ្នំពេញ)៖ ថ្ងៃទី៨មីនាខាងមុខនេះ គណៈកម្មការស្ត្រីអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ ដើម្បីបញ្ជាក់ឲ្យដឹងថាស្រ្តីក៏អាចធ្វើបាន និងអាចបំបែកឯតទគ្គកម្មក្នុងវិស័យកីឡាដូចបុរសដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៣មករាថា ដោយថ្ងៃទី៨មីនា ជាថ្ងៃអាទិត្យនោះ គណៈកម្មការស្ត្រី និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយ៍ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីផ្សារភ្ជាប់ជាមួយបុណ្យទិវាសិទ្ធិនារី នៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីមុខវត្តបទុមវត្តី ដែលជាជម្រើសទី១របស់គណ:កម្មការដែលរត់តាមផ្លូវសុធារស រួចចូលទៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ហើយចេញមកវិញតាមផ្លូវព្រះស៊ីសុវត្ថិកាត់មុខវត្តឧណ្ណាលោមឆ្ពោះទៅទីផ្តាច់ព្រ័ត្រនៅមុខវត្តបុទុមវត្តីដដែល។ លោក វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍នេះ មានរត់១០គីឡូម៉ែត្រនារី និងរត់៤គី ឡូម៉ែត្រនារីឡើង ប៉ុន្តែលោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺបើកទូលាយមិនសម្រាប់តែនារីទេបុរសក៏អាចចុះឈ្មោះចូលរួមបានដែរ។ សម្រាប់ការចុះឈ្មោះរត់ លើវិញ្ញាសា១០គីឡូម៉ែត្រ ជនបរទេសតម្លៃ២០ដុល្លារអាម៉េរិក ប្រជាជនខ្មែរ១២ដុល្លារអាម៉េរិក  ហើយសម្រាប់វិញ្ញាសា៤គ.មជនបរទេស តម្លៃ១៥ដុល្លារអាម៉េរិក និងប្រជាជនខ្មែរ៧ដុល្លារអាម៉េរិក។

លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា មានប្រសាសន៍ដែរថា កម្មវិធីរត់ ប្រណាំងចម្ងាយ១០ម៉ែត្រនេះ គឺយើងចង់បង្ហាញពីការគាំទ្រចំពោះស្ត្រីដែលឆ្លងតាមរយៈការរត់នេះ ក៏នឹងបង្ហាញឲ្យឃើញថា ស្ត្រីអាចបំបែកឯកទគ្គកម្មបានដែរនៅក្នុងវិស័យកីឡា ពិសេសកីឡារត់ប្រណាំងបន្ថែមលើកីឡាផ្សេងៗ ដែលស្រ្តីធ្លាប់ធ្វើបានសម្រេចនាពេលកន្លងមក។ ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីវីរកីឡាការិនី ដែលមានស្នាដៃឆ្នើមនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីតារាចម្រៀងសម្តែងល្បីៗ ដូចជា កញ្ញា មាន សុនីតា ហើយនឹងមិត្តភក្តិរបស់នាងចូលរួមផងដែរ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចលនាស្ត្រី នៅក្នុងវិស័យកីឡាទី២ ការការពារ និងលើកស្ទួយសមភាពយេនឌ័រ និងគោលបំណងទី៣ គឺរួមចំណែកការពារថែរក្សាបរិស្ថាន ដែលកម្ពុជាបច្ចុប្បន្នកំពុងបើកយុទ្ធនាការកម្ពុជាស្អាត។ លោកបានបន្ថែមថាការរៀបចំធ្វើកម្មវិធីនេះ នៅឆ្នាំទី១ ទី២ ទី៣ បើទទួលបានផលល្អ ឬបានអត្ថប្រយោជន៍ច្រើនពីការរៀបចំនេះទេ យើងនឹងរៀបចំកម្មវិធីសម្រាប់ស្ត្រីទៀត ដើម្បីបង្កើតជាមូលនីធិសម្រាប់ទិញជាសម្ភារកីឡា ដូចជា បាល់ និងសម្ភារកីឡាផ្សេងៗទៀត ឬធ្វើកម្មវិធីសម្រាប់ស្ត្រីនៅក្នុងចលនាកីឡាដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖កូនដូច