ប្រទេសថៃរៀបចំក្បួនដង្ហែរសត្វដំរី ដើម្បីរំលឹកដល់សត្វរាប់រយលានក្បាល ដែលងាប់ក្នុងភ្លើងឆេះព្រៃនៅអូស្ត្រាលី

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន CNA កាលពីយប់ថ្ងៃតី១៣ ខែមករា ឆ្នាំ២០២០ម្សិលមិញ បានចុះផ្សាយថា មានមនុស្សរាប់រយនាក់ រួមទាំងសិស្សសាលា និងសត្វដំរីជាច្រើនក្បាល បានចូលរួមក្នុងពិធីដើរជាក្បួនដង្ហែរដោយស្ងៀមស្ងាត់ នៅឯជំរំសត្វដំរីមួយនៅក្នុងប្រទេសថៃនាថ្ងៃចន្ទនេះ ដើម្បីសម្ដែងការគោរព និងលើកកម្ពស់ការយល់ដឹងអំពីសត្វព្រៃ បន្ទាប់សត្វរាប់លានក្បាលបានងាប់ នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅប្រទេសអូស្ត្រាលី។

ពិធីក្បួនដង្ហែរខាងលើ បានរៀបចំឡើង ដោយអាជ្ញាធរនៃតំបន់ទេសចរណ៍ Ayutthaya Elephant Palace & Royal Kraal ដោយសត្វបានលើកផ្ទះបដាសរសេស ជាភាសាអង់គ្លេស «Pray for Australia» ឬ «បន់ស្រន់ឱ្យអូស្ត្រាលី» ដែលកំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃ។

ថ្លែងនាឱកាសចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ សិស្សបឋមម្នាក់ឈ្មោះ ឡាក់សាផន លឿតភិរិយ៉ាកាម៉ុល (Laksaporn Loetpiriyakamol) បានលើកឡើងដូច្នេះថា នៅថ្ងៃនេះ ខ្ញុំចង់បញ្ជូនការគាំទ្ររបស់ខ្ញុំ ទៅកាន់សត្វព្រៃទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី ហើយខ្ញុំចង់ឱ្យសត្វព្រៃទាំងអស់ នៅក្នុងប្រទេសអូស្ត្រាលីរួចផុតពីសេចក្ដីស្លាប់។

គួរជម្រាបថា គិតចាប់តាំងពីភ្លើងឆេះព្រៃនៅអូស្ត្រាលី ឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មានមនុស្ស ២៨នាក់ហើយបានបាត់បង់ជីវិត រីឯផ្ទះជាង ២,០០០ខ្នងរងការបំផ្លិចបំផ្លាញ ខណៈសត្វអាចដល់ទៅជាងមួយពាន់លានក្បាលត្រូវបានគេសង្ស័យថា បានងាប់ ឬកំពុងប្រឈមមុខនឹងហានិភ័យការផុតរលត់ជីវិត ដែលកំពុងលុកលុយប្រទេសអូស្ត្រាលី ដោយមិនដឹងពេលណាត្រូវបញ្ចប់៕ ដោយ៖ Micheal