មេក្លោងគ្រឿងញៀនម្នាក់នៅខណ្ឌច្បារអំពៅ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ២០ឆ្នាំ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ម្សិលមិញ បើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ថាបណ្តាញសារព័ត៌មានឲ្យដឹងថា ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សាម៉ាឌី បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងជួញដូរគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ឈ្មោះ អន ធី កំណត់២០ឆ្នាំ តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គួររម្លឹកឲ្យដឹងដែរថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២៖០០នាទី កម្លាំងនគបាលជំនាញ (ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅផ្ទះជួលលេខ 2D ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អន ធី ភេទប្រុស ដោយដកហូតវត្ថុតាងជា គ្រឿងញៀន សរុបទម្ងន់១០២១.៣៩ក្រាម ក្នុងនោះ ទី១)មេតំហ្វេតាមីន (ICE)៧៥៨.២ក្រាម ទី២)អ៊ិចស្តាស៊ី (MDMA) ២៣៥.៧៤ក្រាម ទី៣)កេតាមីន (Ketamine) ០.៤៥ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន៣គ្រឿង៕ សម្រួល៖ សង្ក្រាន្ត