ដូណាល់ ត្រាំ បញ្ជាក់ថាអ៊ីរ៉ងចង់វាយប្រហារស្ថានទូតអាម៉េរិកចំនួន៤ តែបែរជាខាងក្រសួងបរទេសរបស់ប្រទេសនោះ មិនដឹងទៅវិញ

(អន្តរជាតិ)៖ ទីភ្នាក់សារព័ត៌មាន CNN បានចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះថា មន្ត្រីក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកលើកិច្ចការសន្តិសុខរបស់ស្ថានទូតអាមេរិក មិនបានជូនដំណឹង ឬដឹងពីការគំរាមកំហែងភ្លាមៗ មកលើស្ថានទូតអាមេរិកចំនួន ០៤ ដូចនឹងការអះអាងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយការបញ្ជាឱ្យសម្លាប់មេទ័ពអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qasem Soleimani) កាលពីដើមខែមករាកន្លងទៅ គឺដើម្បីទប់ស្កាត់ការគំរាមកំហែង ឬការវាយប្រហារភ្លាមៗ។

បើយោងតាមមន្ត្រីការបរទេសអាមេរិកពីររូប បានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកមិនត្រូវបានជូនដំណឹង អំពីគ្រោះថ្នាក់ជាក់លាក់លើស្ថានទូតអាមេរិកណាមួយ មុននឹងយន្ដហោះដ្រូនអាមេរិកបាញ់សម្លាប់លោក Soleimani នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ តាមបញ្ជារបស់លោក ដូណាល់ ត្រាំ នោះទេ។

មន្ត្រីទាំងពីររូបខាងលើនេះដដែល បានបន្ថែមទៀតថា ជាការពិតណាស់ខាងក្រសួងការបរទេសអាមេរិក បានចេញសេចក្ដីព្រមានជាសកល ទៅគ្រប់ស្ថានទូតអាមេរិកទាំងអស់ មុនពេលការវាយប្រហារនេះកើតឡើង។ ប៉ុន្តែ មិនមែនជាការជូនដំណឹងដោយផ្ទាល់ពីការគំរាមកំហែងលើស្ថានទូតអាមេរិកជាក់លាក់ ណាមួយនោះឡើយ ហើយក៏មិនបានព្រមានពីការគំរាមកំហែងភ្លាមៗនោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានអះអាងថា ស្ថានទូតអាមេរិកចំនួន ០៤ ក្នុងនោះគឺស្ថានទូតអាមេរិក ប្រចាំប្រទេសអ៉ីរ៉ាក់ បានរងការគំរាមកំហែងភ្លាមៗ ដែលតម្រូវឱ្យត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ តាមរយៈការផ្ដាច់ជីវិតលោក Soleimani ដែលលោកផ្ទាល់ចោទថា ជាមេក្លោងនៅពីក្រោយការរៀបចំ គម្រោងវាយប្រហារលើស្ថានទូតអាមេរិក៕ ដោយ៖ Michea