សម្តេចតេជោ៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវចេញឱ្យបានក្នុងឆ្នាំ២០២០

(ភ្នំពេញ) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកសារព័ត៌មាន ជិត៦ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវចេញឱ្យបាន ក្នុងឆ្នាំ២០២០នេះ។

គួរឱ្យដឹងថា ដោយមើលឃើញពីការរួមចំណែកដ៏មានសារសំខាន់របស់អ្នកព័ត៌មាននេះហើយ ជាហេតុនាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ឱកាសចូលរួមស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មានជារៀងរាល់ដើមឆ្នាំថ្មី និងចំថ្ងៃដែលសម្តេចត្រូវបានសភាផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជា ហើយក៏ជាថ្ងៃខួបលើកទី ៣៥ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ( ១៤មករា ១៩៨៥១៤ មករា ២០២០) ដែលមកទល់ថ្ងៃនេះ សម្តេចតេជោ គឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

រយៈពេល៣ឆ្នាំកន្លងទៅក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះ សម្តេចតេជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងាររបស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលំអរឱ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍន៍សង្គមកម្ពុជា។ ដោយឡែកអ្នកព័ត៌មានវិញ ក៏មិនខុសពី៣ឆ្នាំកន្លងទៅនោះដែរ។ ពួកគេបានចាត់ទុកពេលវេលានៃការជួបអាហារសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ពួកគេ។ ក្រុមអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការពិសាអាហារសាមគ្គី គឺជាការផ្តល់កិត្តិយស និងផ្តល់តម្លៃដ៏ធំធេងសម្រាប់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ឲ្យដឹងថា ជំនួបលើកទី១ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករាឆ្នាំ២០១៧ ហើយក្នុងឱកាសនោះដែរ សម្តេចតេជោ បានប្រកាសថា សម្តេចនឹងបន្តជួបជាមួយបងប្អូនអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ។ ជំនួបនាថ្ងៃទី១៤ខែមករា ឆ្នាំ២០២០នេះ គឺជាជំនួបលើកទី៤ហើយ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន៕ ដោយ៖ សង្ក្រាន្ត