វិភាគអន្តរជាតិ៖ ការបោះឆ្នោតតៃវ៉ាន់ឆ្នាំ២០២០ មិនអាចបង្រួមមកត្រឹម “កត្តាចិន” មួយបានទេ

(អន្តរជាតិ)៖ ការបោះឆ្នោតប្រធានាធិបតី និងសភានីតិបញ្ញត្តិតៃវ៉ាន់ បានដំណើការកាលពីថ្ងៃ ១១ មករា ២០២០។ ក្នុងដំណើរឆ្ពោះមកកាន់ការបោះឆ្នោតទាំងនោះ ប្រព័ន្ធឃោសនាអន្តរជាតិ បានផ្តោតអារម្មណ៍លើតៃវ៉ាន់ថា ជាចំណុចដ៏សំខាន់នៃការប្រកួតប្រជែងគ្នាជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងចិន។  ដូចដែលនិទានកថានៃបេក្ខជនទាំងឡាយប្រកួតគ្នាអំពីកត្តានៃការងើបឡើងវិញរបស់ចិន សារសំខាន់នៃការបោះឆ្នោតខាងលើបានទៅហួសពីការដណ្តើមតំណែងប្រធានាធិបតី។ ភាពប្រថុយប្រថាននៃការបោះឆ្នោតតៃវ៉ាន់ឆ្នាំ២០២០ ត្រូវបានអ្នកជំនាញ ចាត់ថា មានកម្រិតខ្ពស់ និងផលវិបាកក៏ជ្រាលជ្រៅ ហើយទូលំទូលាយទៀតផង។

បក្សវឌ្ឃនភាពប្រជាធិបតេយ្យ (DPP) បានបញ្ចប់អាណត្តិទីមួយរបស់ខ្លួននៃការកាន់អំណាច ទាំងនៅក្នុងអំណាចប្រតិបត្តិ និងនីតិបញ្ញត្តិ ដោយបានអនុម័តនូវកញ្ចប់នៃការកែទម្រង់ និងគោលនយោបាយសំខាន់ៗ ជាច្រើន។ គួមីងតាង (KMT) ជាបក្សប្រឆាំង បានរក្សាភាគច្រើនកាលពីការបោះឆ្នោតថ្នាក់មូលដ្ឋានឆ្នាំ ២០១៨ ជាការងើបឡើងវិញពីការបាក់ស្រ៊ុប ដែលមានអ្នកខ្លះបានព្យាការណ៍ទុក បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតជាតិរបស់បក្ស KMT កាលពីឆ្នាំ ២០១៦។

បេក្ខជនប្រធានាធិបតីនៃបក្ស KMT លោក Han Kuo-yu បានផុសឡើងពីអ្វីដែលជាទីតាំងរឹងមាំនៃអភិបាលនៃគណបក្ស DPP នៅក្នុងការចោទប្រកាន់នានា អំពីការបង្កើតនូវភាពភ័យខ្លាច ការស្រឡាញ់ចិនដោយក្បត់ជាតិ។ ក្នុងការបរាជ័យនៃប្រជាមតិ និងការងើបឡើងវិញនៃពួកអភិរក្ស សកម្មជនជឿនលឿននិយម ដែលជិះលើរលកចលនាផ្កាឈូករត្ន កាលពីឆ្នាំ ២០១៤ កំពុងតែតស៊ូដើម្បីរក្សាចលនានេះ។ បក្សនយោបាយតូចថ្មីៗ បានផុសឡើងក្នុងការប្រកួតប្រជែងការបោះឆ្នោត ឆ្នាំ២០២០ ខណៈដែលបក្ស “កម្លាំងទី៣” កាលពីឆ្នាំ២០១៦ នៅមិនទាន់មានទីឈរជើងជាអ្នកប្រយុទ្ធអចិន្ត្រៃយ៍។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានចង្អុលទៅលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ជាភស្តុតាងនៃមតិប្រជាពលរដ្ឋតៃវ៉ាន់ ក្នុងការប្រែទៅប្រឆាំងចិន។ អ្នកធ្វើការស្ទង់មតិ និងអ្នកអត្ថាធិបាយនានា បានប្រកាសការបោះឆ្នោតនោះថាជា ជ័យជម្នះយ៉ាងជាក់ស្បាន់សម្រាប់ប្រធានាធិបតីក្នុងតំណែង Tsai Ing-wen នៃបក្ស DPP ជាការបញ្ជាក់អះអាងថាជាការច្រានចោលនូវរបៀបវារៈស្រុះស្រួលជាមួយចិនរបស់បក្ស គួមីងតាង។

ការបដិសេធរបស់ លោកស្រី Tsai នូវ “សារទៅកាន់ជនរួមជាតិនៅតៃវ៉ាន់” របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ការថ្កោលទោសការបង្ក្រាបនៅហុងកុង ការចង់ឲ្យមានប្រជាមតិសម្រាប់តៃវ៉ាន់ អំពី “កុងសង់ស៊ុស ឆ្នាំ១៩៩២” និង គោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មី ជាភស្តុតាងនៃគោលជំហរមិនសូវមានការស្រុះស្រួលចំពោះចិន។ លោក Han ផ្ទុយទៅវិញ បានទៅទស្សនាក្រុងហុងកុង ក្រុងម៉ាកាវ និងក្រុង Shenzhen ដើម្បីជួបជាមួយមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ត្រូវបានសារព័ត៌មានបកស្រាយថា បង្ហាញពីឆន្ទៈក្នុងការធ្វើសមហរណកម្មថែមទៀតជាមួយចិន។លោក Han បានពណ៌នាថា តៃវ៉ាន់ត្រូវធ្វើតុល្យភាពផលប្រយោជន៍នៃអ្នកមានអំណាច ដែលម្នាក់ៗ ត្រៀមខ្លួនជាស្រេចងាកទៅរកអំពើហិង្សា បើសិនជាតៃវ៉ាន់ ក្លាយទីជាអ្នកជិតស្និទ្ធឬមួយជាមួយសហរដ្ឋអាម៉េរិក ចិន ឬជប៉ុន។ ដោយសារតែជំហរកក់ក្តៅចំពោះចិន និងមានរបាយការណ៍ពីការគាំទ្រយុទ្ធនាការរបស់លោក Han ដោយអ្នកមានឥទ្ធិពលលើសារព័ត៌មានគាំទ្រចិន ការព្យាករជាស្រេចនានាពីការបរាជ័យការបោះឆ្នោតរបស់គាត់ បានពង្រឹងការគិតទុកពីការសម្រប​សម្រួលជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់ ប្រឆាំងនឹងអនុត្តរភាពតំបន់នៃចិនដែលកំពុងតែងើបឡើង។ តែដោយគ្រាន់តែជំរុញបន្ថែមនូវទេវកថាទាំងនេះ ដោយមិនមានខ្លឹមសារទូលំទូលាយ វាមានហានីភ័យនៃការលាយបញ្ចូលគ្នានូវបេក្ខជនប្រធានាធិបតីពីររូបទៅនឹងបញ្ហា និងរចនាសម្ព័ន្ធនយោបាយដ៏ធំទូលាយ។

ទុក្ខលំបាកនៃអធិបតេយ្យភាពដ៏ស្មុគស្មាញនៃតៃវ៉ាន់ គឺនៅតែជាប្រភពនៃការបែងចែកក្នុងការបោះឆ្នោត និងដោយហេតុនេះ វាជាកត្តាដ៏មានសារសំខាន់ក្នុងការតាមរកព័ត៌មានដោយសារព័ត៌មានទាំងក្នុងស្រុកទាំងអន្តរជាតិ។ ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតមិនអាចកាត់បន្ថយឲ្យនៅតែត្រឹម«កត្តាចិន»មួយបានទេ។ ខណៈដែលការតវ៉ាប្រឆាំងនៅក្រុងហុងកុង និងយុទ្ធនាការជ្រាតជ្រែកការពោះឆ្នោតរបស់ចិន បានធ្វើឲ្យមានការចាប់អារម្មណ៍របស់តៃវ៉ាន់ ឥទ្ធិពលទាំងនេះមានពេលខ្លះ ត្រូវបានលើកយកទៅនិយាយបំប៉ោង និងសរសេរបញ្ចូលទៅការបោះឆ្នោតប្រធានាធិបតី ថាជានិម្មិត្តសញ្ញានៃការពួតសំឡេងឆ្នោតសម្រាប់ចិន ឬក៏ប្រឆាំងចិន។

ជាការប្រៀបធៀបទៅការបោះឆ្នោតប្រធានាធិបតី ការបោះឆ្នោតសភាតៃវ៉ាន់ បានទទួលនូវការយកចិត្តទុកដាក់ជាអន្តរជាតិតិចតួច តែយ៉ាងណាក្តី វាសំខាន់សម្រាប់ទាំងលទ្ធផលគោលនយោបាយ និងការសង្កេតពិនិត្យពីជម្រើសរបស់អ្នកបោះឆ្នោត។ សភានីតិបញ្ញត្តិ Yuan ជាកូនសោសម្រាប់កំណត់អំពីសារជាតិនៃអភិបាលកិច្ចចាប់ពីឆ្នាំ ២០២០។ បើសិនជាបក្ស DPP នៅរក្សាភាគច្រើនក្នុងអំណាចប្រតិបត្តិ តែមិនមានភាគច្រើនក្នុងអំណាចនីតិបញ្ញត្តិ លោកស្រី Tsai អាចនឹងត្រូវសម្របសម្រួលការប្រឈមនានា ដូចតែពីឆ្នាំ២០០០ ដល់ ២០០៨ នៃរដ្ឋបាលលោក Chen Shui-bian បានជួបប្រទះ កាលដែលទំនាស់ផ្ទៃក្នុង DPP និងភាពអមិត្តនៃសភានីតិបញ្ញត្តិ Yuan របស់បក្ស KMT បានធ្វើឲ្យអំណាចប្រធានាធិបតីចុះខ្សោយ។

សារសំខាន់នៃជម្រើសបក្សទីបី គឺជាកត្តាសំខាន់មួយទៀត ក្នុងការបោះឆ្នោតសភានីតិបញ្ញត្តិ។ ខណៈដែលលោក James Soong ឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតី យុទ្ធនាការរបស់គាត់បានជំរុញបក្សប្រជាជនជាទីមួយ (PFP) របស់គាត់ ក្នុងការប្រយុទ្ធដើម្បីរក្សាអាសនៈសភាពីរបីរបស់ខ្លួន។ បក្សតូចៗ ឯទៀត ដែលមានអាសនៈក្នុងសភា ដូចជាបក្សអំណាចថ្មី (NPP) បានបែកខ្ញែកគ្នាដោយសារតែការមិនចុះសម្រុងស្តីពីកិច្ចសហប្រតិបត្តិការជាមួយ DPP បណ្តាលឲ្យបេក្ខជនឆ្នើមៗ បំផុតរបស់ខ្លួន ងាកទៅឈរឈ្មោះជាបេក្ខជនឯករាជ ដោយមានការគាំទ្រពី DPP។ ទាំងបក្ស PFP និងបក្ស NPP ប្រឈមនឹងការប្រកួតប្រជែងពីបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលទើបតែបង្កើតថ្មី និងដឹកនាំដោយអភិបាលក្រុងតៃប៉ិ Ko Wen-je និងបក្សតូចៗ ផ្សេងទៀត ក្នុងនោះមានបក្សបៃតងតៃវ៉ាន់ និងបក្សកសាងរដ្ឋតៃវ៉ាន់។ បក្ស TPP សង្ឃឹមថានឹងយកបានការគាំទ្រពីរូបភាពរបស់លោក Ko Wen-je ជាជម្រើសអព្យាក្រឹត្យមួយ រវាងក្រុមអ្នកគាំទ្របក្ស KMT និង DPP។ យ៉ាងណាក្តី មិនដូចកាលពីឆ្នាំ២០១៤ លោក Ko Wen-je បានប្រកួតប្រឆាំងនឹងបក្ស DPP និងបានបាត់បង់ប្រជាប្រីយភាពក្នុងចំណោមអ្នកបោះឆ្នោតមានវ័យក្មេង ដែលសង្ឃឹមថាគាត់អាចនឹងបង្ហាញពីជំហរដែលមានវឌ្ឍនភាពជាងមុន។ ដោយមានតួអង្គតូចៗ ច្រើនយ៉ាងនេះ នៅពាសពេញឆាកនយោបាយដែលកំពុងតែដូរល្បឿន លទ្ធផលនៃការបោះឆ្នោតសភា មានការលំបាកនឹងព្យាករណ។

កត្តាសំខាន់មួយទៀត គឺការចូលរួមនៃយុវជន និងចំណូលចិត្តបោះឆ្នោតនៃបុគ្គលនៅលើសន្លឹកឆ្នោត។ មានសក្តានុពលចំពោះការបោះឆ្នោតដោយបំបែក ដោយសារតែអ្នកបោះឆ្នោតបោះឆ្នោតរើសប្រធានាធិបតីផង ថ្នាក់ដឹកនាំស្រុកផង និងបក្សផង។ អ្នកខ្លះអាចថាបានជ្រើសរើសបោះឆ្នោតលើសន្លឹកឆ្នោតប្រធានាធិបតីអោយលោកស្រី Tsai ធ្វើឲ្យខូចសន្លឹកឆ្នោតសំរាប់ស្រុក និងបោះសន្លឹកឆ្នោតសម្រាប់បក្សខ្លួនឲ្យទៅបក្សតូចៗ។ ការបោះឆ្នោតដោយបំបែកតាមចំណូលចិត្តនេះ ពិតជាកើតមានសម្រាប់យុវជនជាច្រើនក្នុងការបោះឆ្នោត ឆ្នាំ២០១៦។ ជាផលវិបាកនៃចលនាសង្គមនានា និងយុទ្ធនាការមិនបានផល សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៦ បក្ស KMT បាត់បង់សំឡេងឆ្នោតយុវជន។ មានគ្រួសារដែលគាំទ្រមោះមុតចំពោះបក្ស KMT ជាច្រើន ដែលយុវជនបានជ្រើសរើសមិនទៅបោះឆ្នោត ឬសូម្បីតែបោះឆ្នោតឲ្យបក្សគូប្រជែងរបស់ KMT។ ប៉ុន្តែ រលកនៃការគាំទ្ររបស់យុវជនដែលរួមចំណែករុញបក្ស DPP ឲ្យរកបានអំណាច ក៏តាំងពីពេលនោះបានក្លាយជាមានការស្រពិចស្រពិលចំពោះបក្សកាន់តែខ្លាំងឡើង។

មានអ្នកវិភាគ និងអ្នកសិក្សានយោបាយក្នុងស្រុក និងតំបនប់មួយចំនួន បានចោទជាសំណួរថា តើបក្ស KMT ឬក៏បក្ស DPP ដែលបានចលនាដោយជោគជ័យនូវ អ្នកដែលអាក់អន់ចិត្ត ទៅហួសពីការបោះឆ្នោតប្រធានាធិបតី? តើបក្សនយោបាយតូចតាចណាមួយ បើសិនជាមាន ដែលនឹងអាចឆ្លងផុតពីកម្រិតបថមទាបបំផុតនៃចំនួនសន្លឹកឆ្នោតដើម្បីឲ្យរក្សាបានអាសនៈក្នុងសភា? ចម្លើយទាំងនោះ ស្ថិតនៅក្នុងចំណោមចម្លើយដ៏សំខាន់ទាំងឡាយ ដើម្បីនឹងជួយឲ្យយល់បានពីលទ្ធផលនយោបាយតៃវ៉ាន់ ក្នុងសប្តាហ៍កន្លងទៅ៕ ដោយ៖  Kosal R