អាសូរណាស់ ស្ត្រីម្នាក់ពរពោះជិតគ្រប់ខែដើរម្នាក់ឯងទៅកាន់មណ្ឌលសុខភាព មិនទាន់ដល់ផងស្រាប់តែឈឺពោះឆ្លងទន្លេនៅតាមដងផ្លូវ រីឯប្តីដោះដៃចោលទៅទៀត

(ស្វាយរៀង)៖ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះ ហ៊ាន សារ៉ាន អាយុ២៩ឆ្នាំ មុខរបរកសិកររស់នៅក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត មានផ្ទៃពោះគ្រប់ខែឈឺពោះឆ្លងទន្លេ ក៏បានដើរម្នាក់ឯងទៅកាន់មណ្ឌលសុខភាព ដើម្បីឆ្លងទន្លេ ប៉ុន្តែខណៈកំពុងដើរតាមដងផ្លូវស្រាប់តែឈឺពោះឆ្លងទន្លេនៅតាមដងផ្លូវម្នាក់ឯងធ្វើឲ្យអ្នកធ្វើដំណើរបានឃើញក៏នាំទៅសំរាកនៅសំយ៉ាបផ្ទះអ្នកស្រុក ស្រ្តីរងគ្រោះខាងលើបានកើតកូនម្នាក់ឯង។

បើតាមលោកស្រី ចិន មុំ សមាជិកក្រុមប្រឹក្សាសង្កាត់ប្រាសាទបានឲ្យដឹងថា ស្រ្តីរងគ្រោះមានប្តីឈ្មោះ អ៊ុយ សៅ អាយុ៣៤ឆ្នាំ បានបោះបង់ប្រពន្ធនិងកូន៤នាក់ ស្រី១នាក់ ទុកចោលឲ្យរស់នៅយ៉ាងលំបាកវេទនា ក្រោយមកដោយជីវភាពលំបាកក៏បានឲ្យកូនប្រុសម្នាក់ទៅគេចិញ្ចឹមជាកូនស្មុំ ដោយគ្មានលទ្ធភាពចិញ្ចឹមកូន។

លោកស្រីបានបន្តទៀតថា មិនយូរប៉ុន្មានប្តីខាងលើក៏មកសុំជានិងប្រពន្ធវិញ ពេលប្រពន្ធមានផ្ទៃពោះក៏បានចុះចោលផ្ទះម្តងទៀតទុកឲ្យប្រពន្ធនិងកូនរស់នៅក្នុងខ្ទមយ៉ាងវេទនារកព្រឹកខ្វះល្ងាច។ ហើយពេលឆ្លងទន្លេលើកនេះបានកូនស្រីម្នាក់ទៀតគឺមានសុខភាពល្អធម្មតា ចំណែកប្តីគឺមិនដឹងចុះចោលផ្ទះទៅរស់នៅឯណាទេ។

លោកស្រីក្រុមប្រឹក្សាសង្កាត់ប្រាសាទក៏បានសុំអំពាវនាវដល់សប្បុរសជនមេត្តា ជួយឧបត្ថម្ភៈដល់ស្រ្តីក្រីក្ររងគ្រោះនេះផងតាមទូរសព្ទ័លោកស្រីក្រុមប្រឹក្សាសង្កាត់ប្រាសាទ លេខ០៧១៦២៨២ ៩៦១ សមាជិកក្រុមប្រឹក្សាសង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង៕ ដោយ៖ ធារ់ា