អុញនោះ៖ លោក ជា សុផារ៉ា បញ្ជាក់ថា ម្ចាស់សំណង់បាក់រលំនៅខេត្តកែប មានសំណង់ពីរទៀត នៅខេត្តព្រះសីហនុ ដែលពេលនេះជំនាញកំពុងធ្វើកោសល្យវិច្ច័យ

(ភ្នំពេញ)៖ ការបញ្ជាក់របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈ ក្នុងវិស័យសំណង់ ដែលបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជិត៥០០០នាក់ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ស្ថាបត្យករចុះបញ្ជីនៃគណៈស្ថាបត្យករកម្ពុជា និងវិស្វករចុះបញ្ជី នៃគណៈវិស្វករកម្ពុជា និងមានការចូលរួមពីផ្នែកសំណង់ស៊ីវិល និងផ្នែកអគ្គិសនីផងដែរ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី  បានលើកឡើងថា ការបាក់រលំនៃអគារសំណង់ចំនួន២ នៅខេត្តព្រះសីហនុ និងខេត្តកែប គឺជាការសម្រេចរបស់ថ្នាក់ខេត្ត ដែលគ្មានការសិក្សាពិនិត្យឲ្យបានត្រឹមត្រូវ ហើយសំណង់របស់លោក ឯក សារុន នៅខេត្តកែប វិស្វករសិក្សាគម្រោងប្លង់បានកំណត់ដែក គ្រឿងផ្គុំសំណង់ចំនួន១៦ សសៃ ប៉ុន្តែគាត់បានដក៨សរសៃចេញ នៅសល់ត្រឹម៨សរសៃ ហើយសំណង់នេះ ថ្នាក់ខេត្តសម្រេចឲ្យត្រឹម៥ជាន់ប៉ុណ្ណោះ គាត់បានដំឡើងពីរជាន់បន្ថែមទៀត ។ ចំណែកបេតុងយ៉ាងហោចណាស់២០ ទៅ២៨ ថ្ងៃ ទើបអាចដោះចន្ទល់ចេញបាន ប៉ុន្តែសំណង់ឯក សារុន នេះ ដោយសារប្រញាប់ជប់លៀង ចាក់បាន១០ ថ្ងៃប៉ុណ្ណោះ ក៏បានដកចេញ ដែលធ្វើឲ្យសំណង់នោះបាក់តែម្ដង។

បើតាមលោក ជា សុផារ៉ា សំណង់របស់ ឯក សារុន នេះ មានពីរទៀតនៅខេត្តព្រះសីហនុ ដែលពេលនេះ ជំនាញកំពុងសិក្សា និងធ្វើកោសល្យវិច័យ។

ទាក់ទងវគ្គបណ្ដុះបណ្ដាលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លើកឡើងថា វគ្គបណ្ដុះបណ្ដាលមានគោលបំណង ទី១, ដើម្បីផ្សព្វផ្សាយអំពីច្បាប់សំណង់ឲ្យបានទូលំទូលាយ ដែលនេះ គឺជាលើកទី៣ហើយ ដើម្បីឲ្យអ្នកពាក់ព័ន្ធ ឬអ្នកដែលផ្ដល់សេវា ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ទី២, ដើម្បីបណ្ដុះ បណ្ដាលគ្រូបង្គោលនៅក្នុងវិស័យសំណង់ ដើម្បីអោយគ្រូបង្គោលនេះ ត្រូវបានចាត់ ទុកថា ជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ក្នុងការផ្សព្វផ្សាយ និងអនុវត្តច្បាប់សំណង់។ ដូច្នេះអ្នកដែលបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងទទួលបាននៅលិខិតបញ្ជាក់ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា ហើយអ្នកដែលមានវិជ្ជាជីវៈនៅក្នុងវិស័យសំណង់ និងសិក្សាគម្រោងប្លង់នេះ អាចចាត់ទុកថា ជាអត្តសញ្ញាណមួយថា យើងមានសិទ្ធិស្រកទៅតាមច្បាប់សំណង់។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អ្នកដែលបានចុះបញ្ជីហើយ តែមិនបានមកចូលរួមបណ្ដុះបណ្ដាលនាពេលនេះ ឬវគ្គបន្តបន្ទាប់ទៀតនោះ នឹងមិនទទួលយកទេ គឺទទួលយកតែអ្នកបានបណ្ដុះបណ្ដាល ដូច្នេះមិនអាចត្រឹមតែចុះឈ្មោះនៅគណស្ថាបត្យករ ឬគណៈវិស្វករនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយចាត់ទុកថា គ្រប់លក្ខខណ្ឌនោះបានទេ ក្រសួងនឹងពិចារណាកាត់ចេញវិញ ហើយយកតែអ្នកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលតែប៉ុណ្ណោះ៕ ដោយ៖ ភក្តី