តើសម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានអ្វីខ្លះ ក្នុងជំនួបលើកទី៤នេះ?

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកព័ត៌មានសរុបជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញ ជួបជុំសំណេះសំណាល ជាមួយបងប្អូនកូនក្មួយ ជាអ្នកសារព័ត៌មានជាតិ ក្នុងគោលបំណងដើម្បី ស្វែងយល់អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវ តាមក្រមសីលធម៌ច្បាស់លាស់ ដើម្បីបម្រើសង្គមជាតិឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសដ៏វិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១) អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត។ ក្នុងនោះ សម្តេចតេជោ ក៏សូមឱ្យអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត។ ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។
២) ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន។
៣) ស្នើឱ្យសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលម្អ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។
៤) អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត។
៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ។
៦) ត្រូវខិតខំអភិវឌ្ឍន៍ផ្ទេរការផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល(Digital system) ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មានត្រូវចេញឱ្យបានក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើជាយូរឆ្នាំមកហើយនោះ។
៧)ត្រូវខិតខំការបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមទៀតក្នុងវិស័យព័ត៌មាន។ ត្រូវខិតខំផលិតព័ត៌មានឱ្យបានលឿនរហ័ស និងអាចជឿទុកចិត្តបាន។

ឆ្លៀតក្នុងឱ្យកាសនេះដែរ សម្តេចតេជោ បានធ្វើការណែនាំដល់អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានឱ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌ថា«អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំភ្លៃការពិត»។

គួរបញ្ជាក់ឲ្យដឹងថា ជំនួបលើកទី១ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយក្នុងឱកាសនោះដែរ សម្តេចតេជោ បានប្រកាសថា សម្តេចនឹងបន្តជួបជាមួយបងប្អូនអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ។ ជំនួបនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ គឺជាជំនួបលើកទី៤ហើយ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន៕ ដោយ៖ សង្ក្រាន្ត