អូរសោម នឹងក្លាយជាកន្លែងប្រកួតកីឡាទេសចរណ៍មួយទៀតនាឆ្នាំនេះ

(ភ្នំពេញ)៖ អូរសោម ដែលជាតំបន់ឆ្ងាយដាច់ស្រយាលមួយរបស់ខេត្តពោធិ៍សាត់ នឹងក្លាយជាកន្លែងប្រកួតកីឡាទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ថ្មីៗនេះ យើងបាន​រកឃើញតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលនៅឆ្ងាយៗមិនទាន់មាននរណាទៅដល់។ សម្រាប់តំបន់អូរសោម ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់នោះ ស្ថិតនៅជាប់ព្រំដែនថៃ ដែលមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។

ជាតំបន់ទេសចរណ៍ព្រហ្មចារីយ៍ ដែលទើបតែរកឃើញហើយឆ្នាំនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថៃ នឹងបង្កើតព្រឹរ្រិការណ៍កីឡា និងទេសចរណ៍នៅទីនោះ។ លោកបន្តថា ព្រឹត្តិការណ៍​កីឡា អាចនឹងមានការប្រណាំងកង់តាមភ្នំ ការដើរ និងរត់ឡើងភ្នំ និងប្រភេទកីឡាមួយចំនួនទៀត។ លោកបន្តថា ធម្មជាតិនៅទីនោះល្អ និងមានភាពទាក់ទាញ់សម្បើមណាស់។ ទីនោះនឹងក្លាយជាកន្លែងប្រកួតកីឡាបែបទេសចរណ៍ថ្មីមួយទៀត ដូចនៅ ខេត្តសៀមរាប ខេត្តព្រៃសីហនុ និងភ្នំបូកគោ៕ ដោយ៖ កូនដូច