គង់ សំបូរ និងសេក គឹមរូន នរណាប្រជែងបានកៅអីជុំទី២?

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់ថ្ងៃទី១៩មករានេះអ្នកប្រដាល់ គង់ សំបូរ ក្លិបគុហារព្រហ្មជ័យត្រូវជួបជាមួយអ្នកប្រដាល់ សេក គឹមរូន ក្លិបម្កុដរាជសីហ៍។ ពួកគេជាអ្នកប្រដាល់ជើងខ្លាំង និងចាស់វស្សាដូចគ្នា ពិសេសសំបូរគេជាអ្នកប្រដាល់មួយរូបកំពុងតែលេចធ្លោលើសង្វៀនយុទ្ធគុនចម្រុះ (Mixed Martial Art) ដោយគេឧស្សហ៍ចេញទៅប្រកួតនៅក្រៅប្រទេសជាញឹកញាប់គ្រាន់បើ។ អ្នកប្រដាល់ជំនាញេជើងឆ្វេងរូបនេះ មួយរយៈនេះ គេមិនសូវមានឱកាសប្រកួតឡើយដោយសារតែគេមានការធ្លាក់ចុះច្រើន។ ចំពោះ សេក គឹមរូន វិញមួយរយៈនេះ គេក៏ជួបបរាជ័យក្នុងការប្រកួតញឹកញាប់ដែរ។ គឹមរូន កម្ពស់របស់គេចាញ់ប្រៀប សំបូរ ដាច់តែម្ដង តែគេជាអ្នកប្រដាល់មួយរូបចូលចិត្តវ៉ៃប្ដូរណាស់ ទោះបីមួយចានទឹកមួយចានគោកក៏ដោយ។ ជាអ្នកប្រដាល់ដែលប្រើកម្លាំងហួសប្រមាណនោះគេច្រើនតែធ្លាក់ចុះនៅទឹកទី៤។ អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា។ ចាំមើល សេក គឹមរូន ឬគង់ សំបូរ ជាអ្នកប្រជែងបាន​កៅអីសម្រាប់វគ្គជម្រុះជុំទី២?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ផាន រះ ក្លិបតាព្រហ្មមានជ័យជួ​បជាមួយកំពូលអ្នកទាត់ផ្កាប់ចាន សោម វិឆ័យ របស់​ក្លិបពន្លឺវិបុល។ អ្នកប្រដាល់ទាំង២រូបនេះ មិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសំឡេងខ្លាំងនោះទេ។ គេជាអ្នកប្រដាល់ជើងចាស់ ដែលធ្លាប់បានចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ជាញឹកញាប់ ប៉ុន្តែពួកគេពុំធ្លាប់ប្រជែងបានខ្សែក្រវាត់មកគ្រប់គ្រងឡើយ។ សម្រាប់ជំនួបគ្នានេះ ពួកគេសុទ្ធតែបានអះអាងថា គេត្រៀមខ្លួនបានល្អហើយ គេប្រកាសថានឹងប្រជែងឲ្យបានបកៅអីសម្រាប់វគ្គជម្រុះជុំទី២ដូចគ្នា។ ចាំមើលនរណាធ្វើបានសម្រេច?

ចំណែក ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ ហ៊ឹម គឹមរៀង ក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ ឈូ ភេច (Chhou Phich) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ ឈូ ភេចគែ ទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកទី១នេះទេ មិនមាននរណាដឹងថាគេខ្លាំង ឬខ្សោយនោះទេ ប៉ុន្តែគេហ៊ានឡើងសង្វៀនតស៊ូជាមួយ គឹមរៀង ហើយទំនងជាមិនខ្សោយឡើយ។ សូមបញ្ជាក់ថា អ្នកប្រដាល់កម្ពុជា ហ៊ឹម គឹម​រៀង ជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងមួយរូបកំពុងតែរាតត្បាតលើសង្វៀន។ ជំនួបមួយនេះ ប្រសិនបើ ហ៊ឹម គឹមរៀង ចាញ់នោះ ក៏អ្នកប្រដាល់ថៃរូបនេះទក់សាច់ដែរ។ ទោះបីអ្នកប្រដាល់ថៃរូបនេះ គេមិនអាចមើលស្រាលបានក៏ពិតមែន ប៉ុន្តែគេជឿថា គឹមរៀង នឹងឈ្នះក្នុងការប្រកួតនេះ។ ដោយឡែក ជំនួបរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ លីន វិចិត្រ ក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ​អ្នកប្រដាល់ ឡាញ ផល្លា ក្លិបអេភូថងកីឡាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕ ដោយ៖ កូនដូច