ក្លិបបាល់ទាត់បឹងកេត ចេញទៅប្រកួតពាន Edy Rahmayadi Cup

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ម្សិលមិញ ក្លិបបាល់ទាត់បឹងកេត បានចេញដំណើរ ទៅចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Edy Rahmayadi Cup 2020 នៅប្រទេសឥណ្ឌូនេស៊ី។ សមាសភាពក្រុមទាំងមូល បានចាកចេញពីទឹកដីកម្ពុជា នៅវេលាម៉ោង២:២៥រសៀល តាមជើងហោះហើរលេខ AK539 ឆ្ពោះទៅប្រទេសម៉ាឡេស៊ី ជាមុនសិន មុននឹងបន្តទៅប្រទេសឥណ្ឌូនេស៊ី ដែលតាមគ្រោងនឹងទៅដល់នៅវេលាម៉ោង១១យប់ថ្ងៃដដែល។

គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្ដរជាតិ Edy Rahmayadi Cup 2020 គ្រោងនឹងប្រកួតរយៈពេល៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៧ដល់១៩ ខែមករា ឆ្នាំ២០២០ ដោយមាន៤ក្លិបមកពី ៤ប្រទេសផ្សេងគ្នាចូលរួម ដូចជា ក្លិបម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan ក្លិប Felda United, Penang FA (ម៉ាឡេស៊ី) និងក្លិបបឹងកេត តំណាងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ម្ចាស់​ផ្ទះមាន២ក្រុមចូលរួម។ សម្រាប់បឹងកេត នឹងត្រូវជួបក្រុម Penang FA (ម៉ាឡេស៊ី) នៅថ្ងៃទី១៦ ខែមករា ហើយក្រុមដែលឈ្នះ នឹងត្រូវជួបក្រុមឈ្នះរវាង ម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan ជាមួយ Felda United ដែលនឹងប្រកួតនៅថ្ងៃទី១៨ ខែមករា៕ ដោយ៖ កូនដូច