សារព័ត៌មានអន្តរជាតិមួយចុះផ្សាយថា យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានមីស៊ីលអ៊ីរ៉ង់បាញ់ចំចំនួន ២គ្រាប់

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន New York Time ដែលចុះផ្សាយនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះថា យន្តហោះអ៊ុយក្រែនដឹកមនុស្ស ១៧៦នាក់ ដែលបានធ្លាក់នៅទីក្រុងតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់កាលពីមួយសប្តាហ៍មុននេះ តាមពិតទៅត្រូវបានគ្រាប់មីស៊ីលអ៊ីរ៉ង់ រហូតដល់ទីពីរគ្រាប់ឯណោះបុកត្រូវ។

សូមបញ្ជាក់ផងដែរថា ការចេញផ្សាយរបស់ New York Times ខាងលើនេះ គឺយោងទៅលើវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីមីស៊ីលចំនួនពីរគ្រាប់បានហោះឡើង និងបុកចំគោលដៅក្នុងពេលតែមួយនៅលើអាកាស នៅពេលវេលាព្រឹកព្រហាម ដែលយន្តហោះអ៊ុយក្រែនជួបគ្រោះថ្នាក់ កាលពីថ្ងៃពុធសប្តាហ៍មុន។

គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រូវបានទីក្រុងតេហេរ៉ង់អះអាងថា បានធ្លាក់ដោយសារតែការច្រឡំបាញ់ទម្លាក់ កាលពីព្រឹកព្រហាមថ្ងៃពុធ សប្តាហ៍មុននេះ ខណៈដែលស្ថានការណ៍នៅក្នុងតំបន់កំពុងតែតានតឹងជាខ្លាំង ក្រោយអ៉ីរ៉ង់បាញ់គ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ នៅពេលទាបភ្លឺថ្ងៃដដែល។

ក្រោយការវាយប្រហារនេះ អាជ្ញាធរអាកាសចរណ៍អ៊ីរ៉ង់បានចេញមុខភ្លាមៗដោយអះអាងថា យន្តហោះអ៊ុយក្រែនបានធ្លាក់ដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែក្រោយស៊ើបអង្កេត និងបង្ហាញការសង្ស័យមួយចំនួនពីបណ្តាប្រទេសធំៗដូចជា អាមេរិក កាណាដា និងអង់គ្លេស អ៊ីរ៉ង់ក៏បានសារភាពថា ខ្លួនជាអ្នកច្រឡំបាញ់ទម្លាក់។

នៅលើយន្តហោះនោះមានមនុស្សជិះ ចំរុះជាតិសាសន៍សរុប ១៧៦នាក់ ដោយក្នុងនោះជនជាតិអ៉ីរ៉ង់មានច្រើនជាងគេ រហូតដល់ទៅជាង ៨០នាក់ និងកាណាដាក៏ច្រើនដែររហូតដល់ ៦៣នាក់៕ ដោយ៖ Micheal