រាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការចំនួន២ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័ន

(ភ្នំពេញ)​៖ កន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា ក្រសួង ស្ថានប័នមួយចំនួនបានបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនរួចហើយ ក៏ប៉ុន្តែនៅមានក្រសួង ស្ថាប័នមួយចំនួនទៀតមិនទាន់បានបង្កើតយន្តការនេះនៅឡើយទេ។ នេះបើយោងតាមសារាចរស្តីពីការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័ន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

ក្នុងសារាចរដដែលបានឲ្យដឹងទៀតថា អនុលោមតាមមាត្រា៨នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងដើម្បីលើកកម្ពស់ប្រសិទ្ធនៃការគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រង់គ្រោះមហន្តរាយ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
១)គ្រប់ក្រសួង ស្ថាប័ន ត្រូវបង្កើតឲ្យមានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបំពេញមុខងារជាសេនាធិការផ្ទាល់ដល់រដ្ឋមន្ត្រី និងប្រធានស្ថាប័នដែលជាអនុប្រធាន ឬជាសមាជិករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើការងារដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
២)គ្រប់ក្រសួង ស្ថាប័នត្រូវចាត់ឲ្យមានមន្ត្រីបង្គោល ដើម្បីសម្របសម្រួល និងធ្វើការប្រាស្រ័យទាក់ទងជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕ ដោយ៖ សង្ក្រាន្ត