ឪពុកម្តាយយុវជនរងគ្រោះ ដែលត្រូវរថភ្លើងកិនស្លាប់ អះអាងថា កូនរបស់គាត់មិនមែនបែកថ្នាំញៀន ដូចទូរទស្សន៍ក្នុងស្រុកមួយផ្សាយទេ

(បាត់ដំបង)៖ កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០កន្លងទៅ មានករណីយុវជនម្នាក់ត្រូវរថយន្តភ្លើងកិនស្លាប់ នៅភូមិគោកទ្រព្យ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ យុវជនរងគ្រោះឈ្មោះ ឈួន​ វ៉ាន់ធូ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២A វិទ្យាល័យថ្មគោល។

ជាមួយនឹងករណីស្លាប់របស់យុវជនម្នាក់នេះ មជ្ឈដ្ឋានមួយចំនួន ក៏ដូជាអាណាព្យាបាលកើតទុក្ខមិនសុខចិត្ត ដែលទូរទស្សន៍ក្នុងស្រុកមួយផ្សាយចោទកូនប្រុសខ្លួនថា បែកថ្នាំញៀន។ លើសពីនេះ បើតាមការបញ្ជាក់ពីឈ្មោះ សន មាស ហៅ ធុច អាយុ៥២ឆ្នាំ ជាឪពុកសព និងម្តាយឈ្មោះកែវ សុខា ហៅនាថ អាយុ៤៦ឆ្នាំ រស់នៅភូមិកៀនកេស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់អ្នកយកព័ត៍មាន SKY RADIO KH ថា សមត្ថកិច្ចមិនទាន់ធ្វើកោសល្យវិច័្ចយបានច្បាស់ផង គ្រាន់តែឃើញមនុស្សស្លាប់លើផ្លូវរថភ្លើង ដាក់បន្ទុកថា រថភ្លើងបុកស្លាប់។ គាត់បានឲ្យដឹងទៀតថា នៅលើថ្នល់រថភ្លើងគ្មានជាប់ដានឈាមបន្តិចសោះ។ ចំណែកសាច់ញាតិសព និងអ្នកផ្សេងសន្និដ្ឋានថា អាចមានគេវាយធ្វើបាប រួចយកទៅដាក់ឲ្យរថភ្លើងកិនស្លាប់តែម្តង។ អ្វីដែលសំខាន់នោះគឺ ការចុះផ្សាយព័ត៌មានទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ5 ភ្នាក់ងារប្រចាំខេត្តបាត់ដំបង មិនបានសួរនាំអាណាព្យាបាលទេ ចេញផ្សាយពេលកំពុងធ្វើបុណ្យសព អ្នកមកពិធីបុណ្យឮ និងឃើញថា ជនរងគ្រោះញៀនថ្នាំ បែកថ្នាំ ពេលកំពុងធ្វើបុណ្យសពមិនទាន់រួចរាល់ភ្ញៀវចេញអស់ ហើយខាងអ៊ំ ជីដូនសពក៏មិនមកចូលរួម បណ្តាលឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារដែលរស់នៅ។ រីឯបងៗសព កំពុងតែសិក្សារៀនសូត្រខ្មាស់គេ ពេលមិត្តរួមថ្នាក់សួរពីរឿងសពប្អូនប្រុសញៀនថ្នាំ លេងចង់ទៅរៀន។ ហេតុនេះ លោកសុំឲ្យខាងទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជួយផ្សាយកែតម្រូវស្រោចស្រង់កិត្តិយសឲ្យក្រុមគ្រួសារសពដែលកំពុងរស់នៅវិញផង។ គាត់បានបញ្ជាក់ថា កូនរបស់គាត់មិនមែនជាក្មេងអាវ៉ាសែ និងញៀនថ្នាំដូចដែលអ្វីដែលខាងទូរទស្សន៍បានចុះផ្សាយនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ លោក ហៀង ប៊ុនថា អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន SKY RADIO KH ឲ្យដឹងបន្ថែមថា តាមការសន្និដ្ឋានរបស់បច្ចេកទេស ដែលសហការជាមួយលោក និងមានសាក្សី៣នាក់ ក្នុងនោះមានបងបង្កើតរបស់ជនរងគ្រោះម្នាក់ដែរ ពាក់ព័ន្ធនឹងការផឹកស៊ី គឺមិនមានទំនាស់អ្វីទេ ប៉ុន្តែកំពុងផឹក ស្រាប់តែបាត់ជនរងគ្រោះ។ លោកបន្តទៀតថា សាក្សីម្នាក់ជាស្ត្រីម្ចាស់ផ្ទះ បានឃើញជនរងគ្រោះទៅនោម ហើយទៅអង្គុយជក់បារីលើផ្លូវរថភ្លើង តាំងពីពេលនោះមក បាត់ខ្លួនរហូត។ ដល់យប់ជ្រៅម្ចាស់ផ្ទះបិទទ្វារសម្រាក និងបែកផ្លូវគ្នាអស់ទៅ។ រហូតដល់ភ្លឺឡើង បានប្រជាពលរដ្ឋឃើញជនរងគ្រោះនៅលើថ្នល់រថភ្លើងដាច់ជាពីរជាបីតែម្តង។ ចំណែកលោក គឹម សាន្តសានី ភ្នាក់ងារទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ5 ប្រចាំខេត្តបាត់ដំបង បានទទួលស្គាល់ថាពិតជាមានកំហុស ដោយប្រញាប់ពេក និងរបាយការណ៍សមត្ចកិច្ចសរុបដាក់មកមិនច្បាស់ ហើយរូបលោកក៏បានស្នើដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 របស់ខ្លួនផ្សាយកែតម្រូវមកវិញរួចម្តងមកហើយ៕ ដោយ៖ ប៊ុនថេត