របរជួសជុលឡានបែបមិនសូវកាក់កប ជាងឡានម្នាក់បែកគំនិតនាំគ្នីគ្នាជាសិស្សសាលា ទៅកាច់សោរម៉ូតូគេ ត្រូវជាប់ខ្នោះទាំងយប់

(ភ្នំពេញ)៖ ជនសង្ស័យបីរូប ចូលកាច់កម៉ូតូ បានសម្រេចហើយបណ្តើរចេញ តែត្រូវម្ចាស់ផ្ទះឃើញទាន់ឃាត់ឲ្យឈប់ ត្រូវជនទាំងនោះវ៉ៃ តែត្រូវម្ចាស់ផ្ទះតដៃវិញ ព្រួតចាប់ប្រគល់សមត្ថកិច្ច កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖ ទី១. ឈ្មោះ ម៉ម រស្មី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ៣៥ស្ទួន ផ្លូវលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ, ទី២. ឈ្មោះ ពៅ វណ្ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅម្តុំមាត់ប្រឡាយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៣. ឈ្មោះ ជៀម វិសាល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី៩ នៅសាលា អង្ការ រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

បើយោងតាមម្ចាស់ផ្ទះជួលឲ្យជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញនារីពីរនាក់ជិះម៉ូតូម៉ាកខាងលើ មកពីក្រៅហើយក៏ឈប់នៅមុខបន្ទប់របស់គាត់ រួចឡើងទៅជាន់ទី១ មួយសន្ទុះក្រោយមករូបគាត់ព្រមទាំងមិត្តភក្កិ បានជិះម៉ូតូចេញទៅក្រៅ ដើម្បីរកទិញអីញ៉ាំពេលត្រឡប់មកវិញ ស្រាប់តែឃើញជនសង្ស័យ ៣នាក់ ជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ក្រចេះ 1A-8815 មកឈប់នៅច្រកចូលមុខផ្ទះរបស់គាត់ រូបគាត់ឈប់ចាំមើលហើយក៏ឃើញម្នាក់ដើរចូលទៅកាច់កម៉ូតូនារីរងគ្រោះទាំង ២នាក់ខាងលើបណ្ដើរចេញមកក្រៅ គាត់កាក់សួរនាំប៉ុន្តែជនសង្ស័យវ៉ាយប្រតាយប្រតប់គ្នា ហើយមិត្តភ័ក្តិគាត់ក៏បានជួយចាប់ក្របួចជាប់ជនសង្ស័យទាំងបីនាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវយកមកសួរនាំ។

សូមបញ្ជាក់ផងដែរថា បើតាមសម្ដីនារីរងគ្រោះ ទាំង ២នាក់បានប្រាប់ឲ្យដឹងថា ម៉ូតូនេះមិនមែនជារបស់ខ្លួនទេ ពួកគេខ្ចីពីបងស្រីម្នាក់យកមកជិះតែប៉ុណ្ណោះ ពិតជាសំណាងណាស់ដែលបងប្រុសម្ចាស់ផ្ទះចាប់ជនសង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវ បានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ធ្វើកំណត់ហេតុ និងបញ្ជូនទៅសាលាដំបូងរាជធានីចាត់តាមនីតិវិធី៕ ដោយ៖ Micheal