គ្រាប់យុទ្ធភណ្ឌចំនួន៤គ្រាប់ ត្រូវបានរកឃើញនៅក្នុងភូមិសាស្ត្រស្រុកបវេល

(បាត់ដំបង)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនឹងរាយការណ៍ប្រគល់ជូនកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល។ លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីជំនាញ(CMAC) ដើម្បីស្វែងរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្ររបស់ខ្លួនកាន់កាប់ធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្រោយពួកគាត់ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ នៅចំណុចភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ លោកបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្តែង និងបានប្រមូលយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន០៤គ្រាប់ ដែលជាប្រភេទគ្រាប់កាំភ្លើងB៤០,៥ ដែលសេសសល់តាំងពីសម័យសង្រ្គាមដ៏រ៉ាំរ៉ៃមកម្ល៉េះ។ រហូតមកដល់ពេលនេះ គ្រាប់យុទ្ធភណ្ឌខាងលើ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល យករក្សាទុកដើម្បីប្រគល់ជូនអង្គភាពកម្ចាត់មីនកម្ពុជា CMAC នាំយកទៅដើម្បីរង់ចាំពេលវេលាកម្ទេចចោលនៅពេលថ្ងៃខាងមុខ៕ ដោយ៖ សាលី