សមាជិកក្រុមប្រឹក្សាឃុំចុងជាច នឹងមេភូមិអនុភូមិប្រមាណ ១៩នាក់ ធ្វើលិខិតសំណូមពរឱ្យលោកអភិបាលស្រុកតំបែរ ផ្លាស់ប្តូតំណែងមេឃុំរបស់ខ្លួន ចេញពីតំណែង

(ត្បូងឃ្មុំ)៖ យោងតាមលិខិតស្នើសុំ ដល់អភិបាលស្រុកតំបែរ របស់សមាជិកក្រុមប្រឹក្សាឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមជាមួយនឹងមេភូមិអនុភូមិប្រមាណ ១៩នាក់ សំណូមពរឱ្យលោកអភិបាលស្រុកតំបែរ ផ្លាស់ប្តូតំណែងមេឃុំចុងជាច ចេញពីតំណែង ដោយសារមេឃុំរូបនោះ បានធ្វើកំហុសឆ្គងជាច្រើននាពេលកន្លងមក ធ្វើឲ្យមន្ត្រីពិបាករួមកិច្ចការជាមួយគ្នា។

ក្នុងលិខិតស្នើសុំខាងលើក្រុមសមាជិកក្រុមប្រឹក្សា និងមេបានបញ្ជាក់ទៀតថា «យោងតាមការលំបាករបស់យើងខ្ញុំទាំង អស់គ្នាកន្លងមក ដែលលោកមេឃុំរូបនេះ បានធ្វើខុសម្តងហើយម្តងទៀត ពុំបានធ្វើការកែប្រែតាមការស្នើសុំរបស់ថ្នាក់ដឹកនាំឡើយដូចជា៖ ទី១. ធ្វើការស្តីបន្ទោសថ្នាក់ក្រោមដោយគំរាមដកចេញពីតំណែងក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ ស្មៀនឃុំ គ្រូមតេយ្យសហគមន៍ជាដើម, ទី២.និយាយទំលាក់កំហុសឲ្យមន្ត្រីក្រោមឱវាទ រាយការណ៍ទៅថ្នាក់លើ, ទី៣. ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋ ដោយមានការកៀបសង្កត់ កូសរុស យកលុយពីពលរដ្ឋដែលមកទទួលសេវាផ្សេង និងទី៤. បំផុសបំផុល និងរារាំងការកសាងសមិទ្ធិផលនានាតាមភូមិ។ ជាក់ស្តែង ដូចភូមិជាចកើត មានរបាយការណ៍មេភូមិស្រាប់ និងការងារជាច្រើនទៀតដែលយើងខ្ញុំភ្ជាប់ របាយការណ៍មកជាមួយស្រាប់»។

ពាក្យបណ្តឹងបានបន្តទៀតថា «ប្រសិនបើបុគ្គលរូបនេះ នៅតែដឹកនាំធ្វើជាមេឃុំទៀត យើងខ្ញុំទាំងអស់គ្នាសុខចិត្តលាឈប់ពីតំណែងទាំងអស់គ្នា»។

ទាក់ទិនទៅនឹងករណីខាងលើនេះនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ អភិបាលស្រុកតំបែរលោក សុខ សារិទ្ធិ បានថ្លែងថា ក្រោយពីបានទទួលពាក្យស្នើសុំនោះ លោកបានចាត់គណៈកម្មការធ្វើការចុះស៊ើបអង្កេតលើបញ្ហានេះ។

លោកអភិបាលស្រុក បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ជាលទ្ធផលគណៈកម្មការស៊ើបអង្កេត រកឃើញបញ្ហាប្រហាក់ប្រហែលខ្លឹមសារស្នើសុំនោះដែរ ហើយបញ្ហានេះខាងអាជ្ញាធរស្រុក បានកសាងឯកសារបញ្ជូនទៅថ្នាក់ខេត្តរួចរាល់ហើយដែរ។ ដោយឡែក ចំពោះថ្នាក់ខេត្តសម្រេចយ៉ាងណានោះ ខាងអាជ្ញាធរស្រុកមិនទាន់បានដឹងនៅឡើយទេ»។

ទាក់ទិននឹងរឿងហេតុចម្រុចម្រាស់ខាងលើនេះ ទីភ្នាក់ងារសារព័ត៌មាន SKY RADIO KH រងចាំការបំភ្លឺពីភាគីដែលជាប់ពាក់ព័ន្ធ៕ ដោយ៖ Micheal