HOT NEWS៖ អាមេរិក គ្រោងផ្តាច់ជំនួយយោធា ២៥០លានដុល្លារ ពីប្រទេសអ៊ីរ៉ាក់ ប្រសិនបើប្រទេសនោះហ៊ាន បណ្តេញកងទ័ពអាម៉េរិក ចេញពីប្រទេសនោះ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលចុះផ្សាយនារសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិក អាចនឹងផ្ដាច់ជំនួយយោធា ២៥០លានដុល្លារ ដល់រដ្ឋាភិបាលទីក្រុងបាកដាដ បើសិនជាកងទ័ពរបស់ខ្លួន ត្រូវបានបណ្ដេញចេញ ពីប្រទេសអ៊ីរ៉ាក់។

បើតាមប្រភពសារអេឡិចត្រូនិច ចេញពីក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា កញ្ចប់ ថវិកាជំនួយយោធា២៥០លានដុល្លារខាងលើ ត្រូវបានសភាអាមេរិកទាំងពីរអនុម័តរួចហើយ។

ចំណែកឯ ខាងសេតវិមានមិនទាន់ធ្វើការអត្ថធិប្បាយអ្វីនៅឡើយទេ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិករួមមានទាំងទីប្រឹក្សាសន្តិសុខជាតិ របស់លោកដូណាល់ ត្រាំ គឺលោក Robert O’Brien បានបញ្ជាក់ជាច្រើនលើកថាអាមេរិកនឹងមិនដក កងទ័ពចេញពីអ៉ីរ៉ាក់ជាដាច់ខាត ហើយបើត្រូវដកចេញ គឺអាស្រ័យលើការសម្រេចចិត្តដោយផ្ទាល់របស់សហរដ្ឋអាមេរិក។

គួរជម្រាបថា កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ សភាជាតិអ៊ីរ៉ាក់ បានបោះឆ្នោតគាំទ្របណ្ដេញកងទ័ពបរទេសចេញពីប្រទេស បន្ទាប់ពីយន្ដហោះដ្រូនអាមេរិក បើកវាយប្រហារស ម្លា ប់ លោកមេទ័ពអ៊ីរ៉ង់ Qasem Soleimani និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ លោក Abu Mahdi Muhandis នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិទីក្រុងបាកដាដ កាលពីថ្ងៃទី៣ ខែមករា។

ភ្លាមៗនោះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានដែរថាអ៊ីរ៉ាក់ អាចនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច ធ្ងន់ធ្ងរ បើកងទ័ពអាមេរិកត្រូវបង្ខំឱ្យចាកចេញពីអ៊ីរ៉ាក់មែននោះ៕ ដោយ៖ Micheal