អាជ្ញាធរខេត្តព្រះសីហនុ ចុះអនុវត្តន៍រុះរើតូបលក់ដូរ តំបន់ឆ្នេរអូរត្រេះ១ ឆ្នេរអូរត្រេះ២

(ព្រះសីហនុ)៖ ដូចការគ្រោងទុក នៅតាមតំបន់ឆ្នេរសមុទ្រ ចុងអូឈើទាលត្រូវ បានចុះ អនុវត្តន៍ រុះរើបញ្ចាប់ដោយជោគជ័យ រយៈពេលជិត មួយសប្តាហ៍ហើយ គឺ តូបលក់ ដូរអាណាធិបតេយ្យចំនួនប្រមាណ១៥០តូបត្រូវបានរុះរើអស់ទាំងស្រុងយ៉ាងរលូន នាព្រឹកថ្ងៃទី១៥មករាឆ្នាំ២០២០ បើទោះបីជាមានការតវ៉ាបន្តិចបន្តួចយ៉ាងណាក្តី។

ដោយឡែក សម្រាប់តូបលក់ដូរជាច្រើនទៀតនៅតំបន់ឆ្នេរអូរត្រេះដែល ជាគោលដៅបន្តក្នុងការរុះរើនោះ អាជ្ញាធរក្រុងអាជ្ញាធរខេត្តព្រះសីហនុ បានចុះរុះរើរតូបលក់ដូរតាមបណ្តោយឆ្នេរអូរត្រេះ ដែលអាជ្ញាធរអះអាងថាជាតូបអាណាធិបតេយ្យ។ ជុំវិញបញ្ហាខាងលើនេះ ក្រុមអជីវករ លក់ដូរ តំបន់ អូរត្រេះបាននិយាយប្រាប់ឲ្យដឹងថារវាងពួកគាត់ជាអាជីវករលក់ដូរតំបន់ឆ្នេរអូរត្រេះ និងអាជីវករតំបន់ឆ្នេរអូរឈើទាល គឺខុសគ្នា ដោយ បងប្អូនអាជីវករ តំបន់ អូរ ឈើទាល ភាគច្រើន ទើបមកតាំងទីកន្លែងលក់ដូរថ្មីៗតែប៉ុណ្ណោះហើយតំបន់អូរឈើទាល ក៏ជាតំបន់ ដែលរដ្ឋបាល ក្រុង ខេត្ត ព្រះសីហនុ ហាមឃាត់ និងចុះរុះរើជាច្រើន លើកច្រើនសាមកហើយ ។ ប៉ុន្តែសម្រាប់អាជីវករ លក់ដូរតំបន់ឆ្នេរអូរត្រេះវិញមិនដូចគ្នាទេ គឺពួកគាត់បានមកតាំង និងធ្វើតូបលក់ដូរ ជិត២០ឆ្នាំមក ហើយ ព្រមទាំងបាន ធ្វើការបង់ពន្ធជូនរដ្ឋជាប្រចាំ មិនដែលខកខាននោះ ឡើយ។ អ្វីដែលកត់សម្គាល់ តូបលក់ដូរ មិនមែនសាងសង់ បែបអណាធិបតេយ្យទេ គឺសាងសង់ តាម ស្តង់ដារមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ឆ្នេរសមុទ្រ អ្វីនោះឡើយ ដូចនេះបើអាជ្ញាធរក្រុង ខេត្ត ព្រះសីហនុធ្វើការ រុះរើ និងបណ្តេញពួកគាត់ចាកចេញ ពីតំបន់ឆ្នេរ នេះ ពួកគាត់មិនព្រមដាច់ខាត ពីព្រោះថា ពួកគាត់ មិនមានរបរអ្វីផ្សេងរកស៊ីចិញ្ចឹមជីវិត កូនចៅ បានទៅរៀន ទៅសូត្រក្រៅពីកន្លែងនេះទេ។

ជុំវិញបញ្ហាខាងលើនេះ អាជ្ញាធរក្រុងព្រះសីហនុលោក អ៊ី សុខ ឡេង អភិបាលក្រុង បានមានឱ្យដឹងថា តូបលក់ដូរ តំបន់អូរត្រេះនេះ គឺ ត្រូវតែធ្វើការរុះរើ មិនមានការកែប្រែទេ ក្នុងគោលដៅ ប្រមូល យកដីឆ្នេរ សមុទ្រទាំងអស់ ទុកជាសម្បត្តិរដ្ឋវិញ ដោយរដ្ឋបាលខេត្ត និងមាគម្រោងធ្វើផ្លូវ និងសួនច្បារ កែលម្អសោភណ្ឌភាពឆ្នេរ តាមបណ្តោយឆ្នេរឡើងវិញ ដើម្បី ទុកបម្រើជាសាធារណៈ ដល់ ភ្ញៀវទេសចរមកលេងកម្សាន្ត ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករ លក់ដូរ មេត្តា យោគយល់ផង៕ ដោយ៖ គឹមហៃ