ប្រជាពលរដ្ឋមួយគ្រួសារចោទអាជ្ញាធរស្រុកថា «មានភាពលំអៀងលើបញ្ហារុះរើដីចំណីផ្លូវជាតិលេខ៥» ,តែអាជ្ញាធរស្រុកថា ធ្វើតាមអនុក្រិតរាជរដ្ឋាភិបាល និងតាមការឯកភាពរបស់គណៈកម្មការចម្រុះថ្នាក់ខេត្ត

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសុបិន្ត ឃុំពានីស្រុកកំពង់ត្រឡាច បានចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា៖ មានភាពលំអៀងក្នុងការរៀបចំឱយចាកចេញ ពីដីចំណីផ្លូវដែលជាតិដែលកំពុងសាងសង់ ដោយមិនស្មើភាពគ្នា ខណៈដែលគាត់បានបរិច្ចាគដីប្រវែង២០ម៉ែត្រ ពីអាក់ផ្លូវតាមការកំណត់ផ្លូវហើយ តែអាជ្ញាធរបានឱយគាត់រុះរើបន្ថែម៨ម៉ែត្រទៀត ខុសពីអ្នកផ្សេងទៀត ដែលរស់នៅតាមងផ្លូវជាតិលេខ៥ដូចគ្នា ហេតុនេះហើយក្រុមគ្រួសារខាងលើ បានសំណួមពរ ដល់អាជ្ញាធរខេត្ត និងសូមស្នើសុំប្រមុខរាជរដ្ឋាភិបាលមេត្តាជួយគ្រួសារគាត់ផង។

លោក ម៉ែន ចំរើន បានលើកឡើងថា៖ គ្រួសារគាត់បានទិញដី និងបានចូលមករស់នៅភូមិឃុំខាងលើ ដោយមានអាជ្ញាធរ ភូមិឃុំទទួលស្គាល់ត្រឹមត្រូវ ។ នៅពេលមានការអភិវឌ្ឍន៍ធ្វើផ្លូវជាតិលេខ៥ ក្រុមគ្រួសារគាត់ បានយល់ព្រមបរិចា្ចគដី ប្រវែង២០ម៉ែត្រពីអាក់ថ្នល់ ស្មើៗគ្នា ដូចអ្នករស់នៅតាមដងផ្លូវជាតិលេខ៥ ដ៍ទៃទៀតដែរ។ ប៉ុន្តែហេតុអី្វ? ខាងអាជ្ញាធរស្រុកកំពង់ត្រឡាច មិនសុខចិត្ត និងបានឱយគ្រួសារគាត់ រុះរើផ្ទះបន្តប្រវែង 8 ម៉ែត្រទៀត ។ បើសិន ការរុះរើនេះមានប្រវែងសរុប២៨ម៉ែត្រស្មើៗគ្នា គ្រួសារគាត់ក៍យល់ព្រមដែរ តែនេះធ្វើតែគ្រួសាររបស់គាត់ ។

ចំណែកបុរសឈ្មោះ ណៃ គាណុល ជានាយករងវិទ្យាល័យវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច និងជាសមាជិកក្រុមគ្រួសារខាងលើ ក៏បានមានប្រសាសន៍ដែរថា ក្រុមគ្រួសារគាត់បានយល់បរិច្ចាគដីតាមការកំណត់របស់ខាងធ្វើផ្លូវរួចហើយគឺ 20 ម៉ែត្រ ប៉ុន្តែបើខាងរដ្ឋ ដែលជាអ្នកធ្វើកំពុងធ្វើផ្លូវទាមទារ 8 ម៉ែត្រ ទៀតគ្រួសារគាត់ក៏ព្រមឲ្យដែរ តែនេះបែជាខាងអាជ្ញាធរស្រុកទៅវិញ គឺមានភាពអយុត្តិធម៌ លើគ្រសារគាត់ខ្លាំងណាស់ ។ជាមួយគ្នានេះស្ត្រីឈ្មោះ លុយ សុគន្ធ ក៍បានសំណូមពរដល់អាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយគ្រួសារគាត់ផង ព្រោះគ្រួសារគាត់នៅសល់តែដីប៉ុណ្ណឹងសម្រាប់អាជីវកម្មនិងរស់នៅតែប៉ុណ្ណោះ ។

អភិបាលស្រុកកំពង់ត្រឡាច លោកឈឹមវុទ្ធា បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា៖ យោងទៅតាមគណៈកម្មការថ្នាក់ខេត្តបានឯកភាពគ្នា ដោយបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ 5 ធ្វើការរុះរើ និង អ្នកមិនទាន់រុះរើ ក៍ត្រូវតែរុះ ឱយអស់ដោយខ្លួនឯង តាមការកំណត់ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីសេចក្តីជូនដំណឹង ចុះថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ ។

លោកបានបញ្ជាក់អោយដឹងទៀតថាបើសិនប្រជាពលរដ្ឋមិនធ្វើការរុះរើចេញទេនោះលោកនិងរាយការណ៍ជូនទៅអាជ្ញាធខេត្តដើម្បីមានវិធានការក្នុងការស្ថាបនាផ្លូវជាតិលេខ៥ដែលកុំពង់ស្ថាបនាអោយមានល្បឿនលឿន ។
អភិបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថាប៉ុន្តែបើគាត់លើកឡើងថា មានអ្នកធ្វើផ្លូវឬក៏ក្រុមធ្វើផ្លូវ កំណត់យកត្រឹម 20 ម៉ែត្រ សូមអ្នកសារព័ត៌មានទៅសួរអ្នកធ្វើផ្លូវដោយខ្លួនឯងចុះ ខាងអាជ្ញាធរ ធ្វើនេះគឺធ្វើតាមអនុក្រឹត្យ ពិសេសតាមការជូនដំណឹងរបស់គណៈកម្មការថ្នាក់ខេត្ត តែប៉ុណ្ណោះ ។

យ៉ាងនេះក្តីក្រុមគ្រួសារដែលតម្រូវឱយរុះរើខាងលើ នូវបានបញ្ជាក់ថា៖ នេះជាភាពមិនត្រឹមត្រូវ ធ្វើតែគ្រួសារគាត់ ក៍ព្រោះអ្នកដែលមានដីនៅពីក្រោយគាត់ មានដីគ្មានផ្លូវចេញ ហេតុនេះហើយប្រសិនបើ គ្រួសារគាត់ ត្រូវរុះរើតាមការកំណត់របស់អាជ្ញាធរមែននេះ អ្នកនៅពីក្រោយដីគាត់និងបានផ្លូវចេញមកថ្នល់ជាតិដោយស្វយ័ប្រវត្តិ មិនពិបាកប្តឹងទាមទារគាត់ច្រើនលើកច្រើនសារ ដូចកាលពីមុនទៀតឡើយ ។

យ៉ាងណាក៍ដោយចុះនេះជាការលើកឡើងរបស់គ្រួសារមួយ ខាងលើតែប៉ុណ្ណោះ យកល្អ អាជ្ញាធរគួរតែយកបញ្ហានេះដាក់លើតុដើម្បីសម្របសម្រួលដោះស្រាយគ្នា ជាពិសេសភាគខាងធ្វើផ្លូវ មិនគួរលោកអភិបាលស្រុកដេញអ្នកសារព័ត៌មានឱយទៅសួរអ្នកធ្វើផ្លូវឡើយ៕ ដោយ សុក្ខារិន