អង់គ្លេស បារាំង និងអាល្លឺម៉ង់ ចោទប្រកាន់ជាផ្លូវការថា អ៊ីរ៉ង់បានរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(អន្តរជាតិ)៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលនៅទីបំផុតនាំឱ្យមានការរៀបចំឡើងវិញ នូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ។

មហាអំណាចអឺរ៉ុប បាននិយាយថា ពួកគេកំពុងធ្វើសកម្មភាពដើម្បីចៀសវាងវិបត្តិ ជុំវិញការរីកសាយអាវុធនុយក្លេអ៊ែរបន្ថែមលើការប្រឈមមុខដាក់គ្នា ដែលកំពុងកើនឡើងនៅមជ្ឈឹមបូព៌ា ។ ប្រទេសរុស្ស៊ីដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ បាននិយាយថា ខ្លួនមិនមានមូលហេតុដើម្បីបង្កើតឱ្យមានយន្តការនេះទេ ហើយអ៊ីរ៉ង់បានច្រានចោលជំហាននេះថា ជា “កំហុសយុទ្ធសាស្ត្រ” ។

ប្រទេសទាំង៣ បាននិយាយថា ពួកគេនៅតែចង់អោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយតេអេរ៉ង់ទទួលបានជោគជ័យ ហើយថា ប្រទេសអឺរ៉ុបទាំង៣ មិនចូលរួមយុទ្ធនាការ “ដាក់សម្ពាធអតិបរិមា” នៅពេលរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើអ៊ីរ៉ង់ ។

ប្រទេសទាំង៣នេះ បានបង្កើតឱ្យមាន “យន្តការដោះស្រាយវិវាទ” នៃកិច្ចព្រមព្រៀងដែលបានចោទប្រកាន់អ៊ីរ៉ង់ជាផ្លូវការថា បានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ។ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់សកម្មភាពនេះ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars លោក Mohammad Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បាននិយាយថា “ការប្រើប្រាស់យន្តការជម្លោះនេះ គឺគ្មានមូលដ្ឋានច្បាប់ និងជាកំហុសយុទ្ធសាស្ត្រអំពីទស្សនៈនយោបាយ” ។ ប្រទេសអឺរ៉ុបទាំង៣ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយប្រើឈ្មោះផ្លូវការថា “ផែនការសកម្មរួមដ៏ទូលំទូលាយ JCPoA” ។

ប្រទេសទាំង៣ របស់យើងមិនចូលរួមយុទ្ធនាការ ដើម្បីអនុវត្តសម្ពាធអតិបរិមាប្រឆាំងនឹងអ៊ីរ៉ង់ទេ ។ ក្តីសង្ឃឹមរបស់យើង គឺនាំអ៊ីរ៉ង់អោយគោរពតាមការសន្យារបស់ខ្លួន ក្រោម JCPoA ។ អ៊ីរ៉ង់បានចោទប្រកាន់អឺរ៉ុបជាយូរមកហើយ ពីការបន្តការសន្យាការពារសេដ្ឋកិច្ចរបស់ខ្លួនពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Abbas Mousavi បានច្រានចោល“សកម្មភាពអកម្មទាំងស្រុង” របស់ប្រទេសទាំង៣ ។ លោកបាននិយាយថា អ៊ីរ៉ង់នឹងគាំទ្ររាល់សកម្មភាពណាមួយនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ និងន័យស្ថាបនាក្នុងការរក្សាទុកកិច្ចព្រមព្រៀងនេះ ប៉ុន្តែនឹងផ្តល់នូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការបំផ្លាញណាមួយ ។ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ការធ្វើឱ្យសកម្មនៃយន្តការនោះ មិនអាចទៅរួចទេ ដើម្បីបន្តការអនុវត្តកិច្ចព្រមព្រៀងនេះ ៕ ដោយ៖ សែន រដ្ឋា