កីឡាវ៉ូវីណាមកម្ពុជា ប្រាប់ពីកាលបរិច្ឆេទប្រកួតជើងឯកថ្នាក់ជាតិ

(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ដែលដាក់ឲ្យប្រកួតមានចំនួន២០វិញ្ញាសា។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីជួនដំណឹងឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ២០១៩ មាន២០វិញ្ញាសា។ យើងបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនឯកត្តជនមាន១០ ប្រភេទចែក២ប្រភេទរួមមាន៖ សម្រាប់បុរស គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ៣នាក់ មាន០១ប្រភេទ បុរសនារី៖ ឃើយង្វៀង។

លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន១១វិញ្ញាសា ក៏ចែកចេញ២ប្រភេទដែរ ដោយបុរសប្រភេទទម្ងន់រួមមាន ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់រួមមាន ៤៥-៤៨គីឡូក្រាម ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម៕ ដោយ៖ កូនដូច