វិភាគអន្តរជាតិ៖ វៀតណាម តស៊ូដើម្បីរក្សាឋានៈជាអ្នកឈ្នះ ក្នុងសង្គ្រាមពាណិជ្ជកម្ម

(អន្តរជាតិ)៖ ប្រទេសវៀតណាម ដែលត្រូវបានគេចាត់ទុកថាជាអ្នកឈ្នះដ៏ធំបំផុត នៅក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក កំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីរារាំងទំនិញដែលផលិតនៅចិន មិនឱ្យដឹកឆ្លងកាត់ទឹកដីរបស់ខ្លួន ដើម្បីគេចពន្ធទៅកាន់សហរដ្ឋអាមេរិក ។ ប៉ុន្តែមន្រ្តីពាណិជ្ជកម្មអាមេរិក ជឿជាក់ថា ការខិតខំប្រឹងប្រែងពិតប្រាកដ និងមានប្រសិទ្ធភាពនោះ អាចនឹងបាត់បង់នៅប៉ុន្មានខែខាងមុខ ។

ថ្មីៗនេះ ទីក្រុងហាណូយបានបង្កើតបញ្ជីផលិតផល ចំនួន ២៥ ដែលត្រូវបានគេស្គាល់ថា ជាហានិភ័យខ្ពស់បំផុត ក្នុងគោលបំណងចៀសឲ្យផុតពីវិធានការសងសឹករបស់អាមេរិក ដែលបានដាក់ពន្ធ ៤០០ ភាគរយ លើការនាំចូលដែកថែបដែលផលិតនៅវៀតណាម ។ នៅក្នុងដំណោះស្រាយមួយផ្សេងទៀត ដើម្បីបន្ធូរបន្ថយក្តីកង្វល់របស់    សហរដ្ឋអាមេរិក ចំពោះការឆ្លងកាត់ទំនិញរបស់ចិន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសថា ខ្លួននឹងផ្អាកការនាំចេញទំនិញក្តារបន្ទះមួយចំនួន ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីចុងខែធ្នូ ឆ្នាំ២០១៩នេះ ។

ក្រុមអ្នកស៊ើបអង្កេត បានរកឃើញថា ផលិតផលដែលផលិតនៅប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម ដើម្បីកែច្នៃបន្តិចបន្តួច មុនពេលត្រូវបានវេចខ្ចប់ និងដាក់ស្លាកថា “ផលិតនៅប្រទេសវៀតណាម” ។ ពន្ធរបស់អាមេរិក ២៥ ភាគរយ បានដាក់លើផលិតផលចិនមួយចំនួន ហើយពន្ធគយជាច្រើនទៀតដែលចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ នោះទំនិញដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ដែលមានពន្ធសូន្យនាំចេញទៅកាន់សហរដ្ឋអាមេរិក ផ្តល់តម្លៃសម្រាប់ផលិតផលចិនជាច្រើន ។ ប្រាកដណាស់ថា ទីក្រុងហាណូយពិតជាមិនខ្វល់ចំពោះរដ្ឋបាលលោក ត្រាំ ដោយសារតែការកើនឡើងអតិរេកពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ។ អតិរេករបស់ វៀតណាម បានកើនឡើងដល់ ៤១ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ២៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ជាមួយនឹងអតុល្យភាពនោះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ចូលប្រទេសវៀតណាមទៅក្នុងបញ្ជីតាមដាននៃឧបាយកលរូបិយប័ណ្ណ ដែលអាចកើតមានក្នុងខែឧសភា ។

ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិអាស៊ី ដែលបានទទួលអត្ថប្រយោជន៍យ៉ាងពិតប្រាកដ ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នៅពេលដែលក្រុមហ៊ុនចិន និងក្រុមហ៊ុនផ្សេងទៀត បានផ្លាស់ប្តូរខ្សែសង្វាក់ ផ្គត់ផ្គង់របស់ពួកគេ នៅភាគខាងត្បូងឆ្លងកាត់ព្រំដែនចូលប្រទេសវៀតណាម ដែលមានប្រាក់ឈ្នួលកម្រិតទាប ហើយមានហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម សមស្របសម្រាប់ការដឹកជញ្ជូនអន្តរជាតិខ្នាតធំ ។ ប៉ុន្តែការចំណេញរបស់វៀតណាមអាចនឹងប្រែទៅជាការខាតបង់វិញ នៅពេលដែលការនាំចេញកាន់តែច្រើនទៅកាន់សហរដ្ឋអាមេរិក ដែលបានបង្កើនអតិរេកពាណិជ្ជកម្មរបស់ខ្លួន និងបង្កើនការសង្ស័យរបស់ទីក្រុងវ៉ាស៊ីនតោនដែលថា ទីក្រុងហាណូយកំពុងអនុញ្ញាតឱ្យទំនិញ ដែលផលិតចិនឆ្លងកាត់ឡើងវិញ តាមរយៈទឹកដីវៀតណាម ។ ទោះបីជាមានការប្រឹងប្រែងជាក់ស្តែងរបស់     ទីក្រុងហាណូយ ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏វានៅតែបន្តកើនឡើង  ហើយក៏មានលទ្ធភាពមួយដែលថា អតិរេកពាណិជ្ជកម្មពេលនេះ កំពុងត្រូវបានកើតឡើងដោយទំនិញផលិតនៅចិន ។

ការសម្រេចចិត្តរបស់វៀតណាម ក្នុងការផ្អាកការនាំចេញទំនិញក្តារបន្ទះមួយចំនួន ទៅកាន់សហរដ្ឋអាមេរិក គឺទំនងជាមានការស៊ើបអង្កេតមួយ ។ ការវិវត្តនេះ បានកើតឡើង បន្ទាប់ពីការនាំចូលទំនិញក្តារបន្ទះ មកកាន់ប្រទេសវៀតណាមចេញពីប្រទេសចិន បានកើនឡើង ៣៧ ភាគរយ នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ខណៈការនាំចេញផលិតផលវៀតណាមទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៩៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ។ សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥ ភាគរយ លើក្តារបន្ទះផលិតនៅប្រទេសចិន ដូច្នេះមានការលើកទឹកចិត្ត ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម ដើម្បីឈានដល់ទីផ្សារអាមេរិក ។

ពន្ធគយស្រដៀងគ្នារបស់អាមេរិក លើផលិតផលធ្វើពីឈើរបស់       វៀតណាម អាចបង្កអន្តរាយដល់វិស័យនេះ ២០១៩ នៅក្នុងខែវិច្ឆិកា មន្រ្តីគយវៀតណាម បាននិយាយថា ពួកគេបាន      រឹបអូសផលិតផលអាលុយមីញ៉ូម ផលិតនៅប្រទេសចិន ដែលមានតម្លៃប្រហែល ៤,៣ ពាន់លានដុល្លារ ដែលបានដឹកជញ្ជូនមកកាន់ប្រទេសវៀតណាម ហើយមានស្លាកក្លែងក្លាយថា“ ផលិតនៅវៀតណាម” ។ តាមការប៉ាន់ស្មានមួយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ដាក់ពន្ធ ២៥ ភាគរយ លើការនាំចូលពីវៀតណាម ដូចដែលបានធ្វើជាមួយទំនិញចិន កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកាត់បន្ថយចំនួន ១ភាគរយ ។ មន្រ្តីអាមេរិក ទំនងជាយល់អំពីបញ្ហាដែលទីក្រុងហាណូយប្រឈមមុខ ប៉ុន្តែនៅពេលជាមួយគ្នានោះ មានការជំរុញឱ្យមានការផ្លាស់ប្តូរ យ៉ាងហោចណាស់ ការដាក់សម្ពាធដល់ប្រទេសវៀតណាម ឲ្យកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ។ នេះគឺជាចំណុចសំខាន់មួយ នៅពេលដែលរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក បានដឹកនាំគណៈប្រតិភូមួយទៅកាន់ទីក្រុងហាណូយ កាលពីដើមខែវិច្ឆិកា ដែលកិច្ចព្រមព្រៀងថ្មីមួយចំនួន ត្រូវបានចុះហត្ថលេខាដែលអាចកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងវៀតណាមជាមួយអាមេរិក ៕