ឃាត់ខ្លួនគ្រូពេទ្យម្នាក់​ បន្ទាប់ពីចាក់ថ្នាំអ្នកជំងឺ បណ្តាលឲ្យស្លាប់

(ពោធិ៍សាត់)៖ លោកតាបានស្លាប់ ក្រោយពីការពិនិត្យព្យាបាលជំងឺពីគ្រូពេទ្យឃ្លីនិចឯកជន នៅស្រុកភ្នំក្រវាញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា ករណីមនុស្សឃាតដោយអចេតនា បានបង្កឡើងដោយឈ្មោះ ឈុំ វណ្ណី គ្រូពេទ្យទទួលពិនិត្យ និងព្យាបាលជំងឺទូទៅឯកជន នៅផ្ទះរបស់ខ្លួននៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ឈុំ វណ្ណី បានទទួលពិនិត្យ និងព្យាបាលជំងឺជនរងគ្រោះឈ្មោះ គាត ម៉ៅ អាយុ៧៤ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានជំងឺចុកដើមទ្រូង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីជនសង្ស័យចាក់ថ្នាំឲ្យជនរងគ្រោះបានចំនួន៤ម្ចុលរួចមក បានប្រមាណជា១០នាទី ជនរងគ្រោះមានអាការៈឡើងស្លេសពេញបំពង់ក ហើយក៏បានដាច់ខ្យល់ស្លាប់មួយរំពិច នៅផ្ទះរបស់គ្រូពេទ្យតែម្តង ។ សេចក្តីរាយការណ៍មួយបានឲ្យដឹងថានៅថ្ងៃទី១៥ខែមករាម្សិលមិញនេះ សមត្ថកិច្ចបានទទួលព័ត៌មានពីលោក ចាន់ សុខា (មេPMស្រុក) ហើយបានចុះទៅដល់ទីតាំងកើតហេតុខាងលើ រួចហៅជនសង្ស័យឈ្មោះ ឈុំ វណ្ណី មកធ្វើកាតសួរនាំ និងរកឃើញថា ជនសង្ស័យ គ្មានច្បាប់អនុញ្ញាតឲ្យព្យាបាលជំងឺពីក្រសួងសុខាភិបាល និងគ្មានសញ្ញាបត្រត្រឹមត្រូវទេ។ ជាមួយគ្នានោះ ស្នងការរងនគបាលខេត្តពោធិ៍សាត់ទទួលផែនយុតិ្តធម៌ និង ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានឃាត់ខ្លួនគ្រូពេទ្យខាងលើ និងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ៕ ដោយ៖ សុក្ខារិន