យ៉ុន ដារ័ត្ន ជួបជាមួយខ្លាចាស់ ប្រា វីត

(ភ្នំពេញ)៖ អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ យ៉ុន ដារ័ត្ន ក្លិបខេត្តរតនគីរីនឹងជួបតតាំងជាមួយអ្នកប្រដាល់វ័យចាស់ ​ថៃប្រា វីត (Pravit) លើសង្វៀនខារ៉ាបាវនារសៀលថ្ងៃទី១៨មករានេះ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះ ជួបប្រកួតគ្នា។ ប្រា វីត គេឧស្សាហ៍ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរណាស់ ទោះបីគេមានវ័យចំណាស់ក៏ពិតមែន ប៉ុន្តែគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលមានសមត្ថភាពវ៉ៃបាន៥ទឹក ដោយគ្មានបញ្ហាគ្រាន់តែបន្ទាប់ពីចប់ការប្រកួតកម្លាំងរបស់គេទ្រុឌទ្រោមបន្តិច។ ដារ័ត្ន វិញគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ព្រមទាំងវ៉ៃចេញបានច្បាស់ៗល្អតែសម្រាប់ជង្គង់កែង និងស្នៀតទាត់វិញនោះ មិនជាអស្ចារ្យនោះទេ ប៉ុន្តែគេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាដែរ។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤០ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង។ រីឯអ្នកប្រដាល់ថៃ ប្រាវីត វិញនោះ គេជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អគេធ្លាប់ឆ្លងកាត់ការប្រកួតចំនួន១០០ដង ឈ្នះ៨២ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង។ ដោយពុំធ្លាប់មានប្រវត្តិជួបគ្នាពីមុនមកនោះជំនួបដំបូងនេះមិនដឹងថា ជ័យជ​ម្នះបានទៅលើអ្នកប្រដាល់កម្ពុជាយ៉ុន ដារ័ត្ន ឬ អ្នកប្រដាល់ថៃប្រា វីតឡើយ។

ដោយឡែក មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ផេត អាលីន (Phat Alin) ដោយពួកគេ​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះ ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ។ មិនដឹងថា គេខ្លាំង ឬខ្សោយនោះឡើយ ប៉ុន្តែគេហ៊ានប្រកាសតស៊ូជាមួយ សុខ ហ៊ុច ហើយទំនងជាមិនអន់នោះទេ ព្រោះ សុខ ហ៊ុច ជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន១៧៣ដង ឈ្នះ១៤៣ដង ចាញ់២៥ដង និងស្មើពិន្ទុ ៥ដង ​ចំពោះអ្នកប្រដាល់ថៃ ផេត អាលីន វិញគេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់១១ដង និងស្មើពិន្ទុចំ​នួន១ដង។ ផេត អាលីន ដែលជាន់ដីខ្មែរជាលើកដំបូងអាចប្រជែងបានជ័យជម្នះ ឬទេ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឈុន ប្រាក់កាក់ ក្លិបតរាឯកដំបងដែកមានរិទ្ធប្រកួតជាមួយ ផុន សុខវិបុល ក្លិបតាព្រហ្មមានជ័យក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម។ ព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយ អេលីត វិចិត្រ ក្លិបប៉ែនកាក់គុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ចំណែក ថន ភឿត ក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយ សារឿន ចាន់ ក្លិបតាព្រហ្មមានជ័យក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕ ដោយ៖ កូនដូច