ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅខេត្តត្បូងឃ្នុំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ម្សិលមិញ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង នៅក្នុងភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី បានធ្វើឲ្យឆេះផ្ទះ២ខ្នងអស់ទាំងស្រុង ដែលមានម្ចាស់ផ្ទះទី១)ឈ្មោះ ងន់ វណ្ណដែន រស់នៅក្នុងភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងផ្ទះមិនស្គាល់ម្ចាស់មួយខ្នងទៀត ត្រូវបានម្ចាស់ទុកចោលទៅធ្វើការចំណាកស្រុក។ ហេតុការណ៍ដែលគួរឲ្យសោកស្ដាយមួយនេះ បានបង្កការខូតខាតសម្ភារមួយចំនួនរួមមាន៖ ម៉ូតូ១គ្រឿង គ្រឿងសង្ហារិម តុ ទូ គ្រែ សម្លៀកបំពាក់១ចំនួនធំ ប៉ុន្តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

ពេលកើតហេតុភ្លាមៗ មានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ២គ្រឿង និងស្រុកពញាក្រែក២គ្រឿង ក្រុងសួង១គ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ពន្លត់អណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ មិនបណ្ដាលអោយឆេះឆ្លងដល់ផ្ទះអ្នកជិតខាងបន្តទៀតនោះទេ។ លោក ឱម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានឲ្យដឹងថា កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕ ដោយ៖ វីឡែម