ឃុំខ្លួនម្តាយតារាចម្រៀងម្នាក់ ពីបទឃាតកម្ម ពាក់ព័ន្ធនឹងការសម្លាប់គូស្នេហ៍ភេទទី៣

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ស្ត្រីម្នាក់ត្រូវជាម្តាយតារា ចម្រៀង ពេជ្រ សូលីកា ដាក់ពន្ឋនាគារបណ្តោះអាសន្ន ដើម្បីការបើកសវនាការនាពេលខាងមុខ។ ជនត្រូវចោទឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ ត្រូវបានលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទឃាតកម្ម យោងតាមមាត្រា១៩៩ នៃក្រមព្រហ្ឌទណ្ឌ ដែលបានតម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារចាប់១០ឆ្នាំទៅ១៥ឆ្នាំ បើតុលាការរកឃើញថាពិតជាមានកំហុសដូចការចោទប្រកាន់នេះមែន។

នៅដំណាក់កាលប៉ូលិស ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានសារភាពរួចថា ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ។ អំពើឃាតកម្មដ៏រន្ធត់នេះ គឺ បានកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ តាមដំណើរឿង គឺជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូតែម្នាក់ឯង មកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ដោយមានទំនាក់ទំនងស្រលាញ់ស្រីដូចគ្នា។ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង២វង់ដូចធម្មតា បានខឹងប្រចណ្ឌ ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត ទើបជនសង្ស័យបានទារលុយចំនួន១៥០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ។ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ពេលនោះជនរងគ្រោះមានអាការៈទន់ដៃ ទន់ជើង ដូចមនុស្សស្រវឹងស្រាជោកជាំ ទើបជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។ រហូតដល់ថ្ងៃទី១៣ ខែមករា សមត្ថកិច្ចប៉ូលិស បានសម្រេចឃាត់ខ្លួនជនសង្ស័យ ដែលជាឃាតករសម្លាប់ជនរងគ្រោះតែម្តង៕ ដោយ៖ លក្ខណ៍