សមត្ថកិច្ចវាយខ្នោះបុរសម្នាក់ ពាក់ព័ន្ធនឹងការរៀបគម្រោងប្លន់

(ព្រៃវែង)៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានតាមចាប់ខ្លួន បន្ទាប់ពីជនរូបនេះ បានទិញកាំភ្លើងមួយដើម និងរៀបចំគម្រោងប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ​ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ន ណាង អាយុ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ឈ្មោះ ថន និធី អាយុ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាបានលក់អាវុធប្រភេទ AK-47 ស្វាយបត់១ដើម ឱ្យទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានដកហូតអាវុធ AK ស្វាយបត់១ដើម កាត់កាណុងមានបង់១ និងគ្រាប់ AK ចំនួន៧គ្រាប់។ បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ ដោយ៖ សង្ក្រាន្ត