ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅក្រុងពោធិ៍សាត់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតទ្រព្យសម្បតិ្តមួយចំនួនធំ ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ សង់ពីឈើ ប្រក់ក្បឿង មានទំហំ ៥x៦ម៉ែត្រ ខូចខាតទាំងស្រុង ដែលមានម្ចាស់ផ្ទះឈ្មោះ រ៉ាយ ហឿន អាយុ៧៥ឆ្នាំ។ ចំពោះករណីនេះ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ដោយសារទុស្សេខ្សែភ្លើង។ គួរឲ្យដឹងដែរថា ដោយសារភូមិសាស្រ្តនៅទីនោះមានលក្ខណៈតូច ចង្អៀត ធ្វើឲ្យកម្លាំងសមត្ថកិច្ច ពិបាកក្នុងការជួយអន្តរាគមន៍ បានទាន់ពេលវេលា ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅតែខិតខំរកវិធីសាស្រ្ត ដើម្បីជួយទប់ស្កាត់មិនឲ្យអគ្គិភ័យនេះ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀតបានឡើយ។

ក្នុងប្រតិបត្តិការពន្លត់ និងសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន៣គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន ដោយមិនបណ្តាលឲ្យរាលដាលដល់ផ្ទះដទៃឡើយ។ បើតាមការអះអាងពីម្ចាស់ផ្ទះ បានឲ្យដឹងថា សម្ភារដែលរងការខូចខាតរួមមាន លុយខ្មែរ២លានរៀល លុយដុល្លារ១ពាន់ដុល្លារ និងសម្ភារក្នុងផ្ទះមួយចំនួនធំ៕ សម្រួល៖ សង្ក្រាន្ត