សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលជួបជាមួយសមាជិកសភាមកពីប្រទេសជប៉ុនរួចហើយនោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួបពិភាក្សាការងារបន្តជាមួយលោកជំទាវ OBUCHI Chizuko ដែលជាភរិយារបស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។

ក្នុងជំនួបពិភាក្សាការងារនេះដែរ លោកជំទាវ OBUCHI Chizuko បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកជំទាវ និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកជំទាវ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោកជំទាវ និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាពេលនេះ និងសូមថ្លែងអំណរគុណសម្ដេចតេជោផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសជូនលោកជំទាវ។

លោកជំទាវ បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើកក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវទៅកាន់មជ្ឍមណ្ឌលស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ លោកជំទាវ បានកត់សម្គាល់ឃើញថាក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកជំទាវបានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក។ ជាមួយគ្នានេះផងដែរ លោកជំទាវបានមានប្រសាសន៍បន្តថា នេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។ បន្ទាប់មក លោកជំទាវក៏បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន កាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ហើយលើសពីនេះទៅទៀតលោកជំទាវ ក៏បានគោរពជូនពរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យមាតាក្មេករបស់សម្ដេចដែលត្រូវជាមាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យជាសះស្បើយពីជំងឺនាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ​ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានជូនពរដល់ម្ដាយក្មេករបស់សម្ដេចឱ្យជាសះស្បើយពីជំងឺ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រម្លឹកអំពីអតីតកាល ដែលពេលនោះឯកឧត្តម Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ក្នុងទស្សនកិច្ចនោះ មានតែឯកឧត្តម Obuchi និងលោកជំទាវទេ ដែលជាជនជាតិបរទេស ធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែឯកឧត្តម Obuchi ទេ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានេ។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលផងដែរនោះគឺ ឯកឧត្តម Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន នៅក្នុងការជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀត សម្ដេចតេជោបានបញ្ជាក់ថា ឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានមកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុននោះ គឺជាប្រវត្តិសាស្ត្រ ហើយឯកឧត្តមគឺជាមនុស្សទីពីរហើយនៅក្នុងដំណាក់កាលរបស់ឯកឧត្តមជានាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនោះ៕ សម្រួល៖ សង្ក្រាន្ត