ផ្អាកសវនាការរឿងលោក កឹម សុខា ហើយនឹងបន្តនៅថ្ងៃទី២២មករា ខាងមុខ

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តុលាការបានបន្តសវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។ តុលាការ បានធ្វើនីតិវិធីសួរដេញដោលចំនួន៣លើក គិតចាប់ពីព្រឹកថ្ងៃទី១៥ ខែមករា មក ហើយផ្អាកសវនាការនេះសិន នឹងបន្តធ្វើទៀត នៅថ្ងៃទី២២ ខែមករា ខាងមុខ។
នេះបើតាមការបញ្ជាក់របស់លោក គី តិច មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមអ្នកសារព័ត៌មាន។ លោក គី តិច អះអាងថា សវនាការនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីនោះទេ ដោយតុលាការ បានកំណត់ទម្រង់នៃការសួរដេញដោល តាមដំណាក់កាលៗបានយ៉ាងល្អប្រសើរ។ ដោយឡែក លោក កឹម សុខា វិញ នៅតែបន្តការបដិសេធការចោទប្រកាន់ដដែល និងទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ជាស្ថាពរ។

គួរបញ្ជាក់ថា លោក កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ឬ ទោសក្បត់ជាតិ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទល្មើស សន្និដ្ឋិភាពជាមួយបរទេស គឺកំណត់ការផ្តន្ទាទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ។ សវនាការរឿងក្តីដ៏ក្តៅគគុកនេះ នឹងអាចពន្យារពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់សក្ខីកម្មជូនដល់តុលាការ៕ ដោយ៖ លក្ខណ៍