វិភាគអន្តរជាតិ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដោះស្រាយបានបញ្ហាអ្វីខ្លះ?

(អន្តរជាតិ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានព្រមព្រៀងគ្នារវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងប្រទេសចិន តាំងតែពីឆ្នាំ២០១៩ នោះត្រូវបានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងតំណាងរដ្ឋាភិបាលចិនលោក លីវ ហ៊ី (Liu He) ធ្វើការចុះហត្ថលេខាទទួលស្គាល់ ជាផ្លូវការហើយក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។ ការចុះហត្ថលេខា ដើម្បីបន្ថយកម្តៅ នៃសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ត្រូវបានពិភពលោកចាត់ទុកជាភាពវិជ្ជមានដ៏ធំបំផុតមួយ ខណៈដែលសង្គ្រាមនេះ ត្រូវបានអូសបន្លាយរហូតដល់ទៅជិត២ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការផ្តល់ផលប្រយោជន៍ ដល់លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមនឹងការចោទប្រកាន់ ដើម្បីដកតំណែងប្រធានាធិបតី និងការតស៊ូដ៏ស្វិតស្វាញរបស់លោក សម្រាប់ការបោះឆ្នោតអាណត្តិថ្មីនៅចុងឆ្នាំនេះ។ ប៉ុន្តែអង្គការសេដ្ឋកិច្ចពិភពលោក និងអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញផ្សេងពីគ្នា។ ធនាគារពិភពលោក គិតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន នឹងមិនជួយអ្វីបានច្រើនដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកទេ។ ទន្ទឹមនឹងនេះដែរ IMF បានផ្តល់នូវទស្សនវិស័យវិជ្ជមានបន្ថែមទៀត កាលពីខែតុលា គ្រាដែលទីផ្សារភាគហ៊ុន កំពុងកើនឡើងតាមការរំពឹងទុកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ អ្នកជំនាញចិនលោក Chen Fengying នាយកវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិចិន បានចង្អុលបង្ហាញថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅលើផ្លូវបំបែក ហើយកិច្ចព្រមព្រៀងរវាងចិន និងអាម៉េរិក នឹងមិនអាចដោះស្រាយបានភ្លាមៗនូវបញ្ហាដ៏ច្រើនដែលបានកើតឡើងនោះដែរ។

អ្នកជំនាញចិនលោក Chen Fengying បាននិយាយថា ស្ថាប័នអន្តរជាតិជាច្រើន រួមទាំងអង្គការពាណិជ្ជកម្មពិភពលោក កំពុងឆ្លងកាត់ពេលវេលាមិនល្អ ដូច្នេះវាជះឥទ្ធិពលដល់ទស្សនវិស័យ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត។ លោក Chen Fengying គិតពីសារសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិក ចិននេះ យើងបានផ្តល់ទស្សនវិស័យរបស់លោក ទៅលើផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម លើសេដ្ឋកិច្ចពិភពលោក។ លោកបាននិយាយថា «ខ្ញុំមិនគិតថា ការចុះហត្ថលេខាលើដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូល រីកចម្រើននោះទេ ។ ដោយសារតែឥឡូវនេះ យើងកំពុងប្រឈមមុខនឹងបញ្ហាធំៗ ដោយសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅលើផ្លូវបំបែក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រព័ន្ធ ឬរចនាសម្ព័ន្ធ -វាមិនច្បាស់ទេថា តើវានឹងអភិវឌ្ឍន៍យ៉ាងដូចម្តេច។ កិច្ចព្រមព្រៀងមួយ អាចផ្តល់ទំនុកចិត្តដល់សហគមន៍ពិភពលោក តែមិនអាចដោះស្រាយបញ្ហាទាំងអស់បានទេ»។ តាមយោបល់របស់ខ្ញុំ នៅក្រោមស្ថានភាពទូទៅមិនច្បាស់លាស់ យ៉ាងហោចណាស់ ភាពប្រាកដប្រជាខ្លះ គឺជាសញ្ញាល្អមួយ។ សហរដ្ឋអាម៉េរិក ជាការពិតបានបង្ហាញនូវនយោបាយឯកតោភាគីនិយម មុននេះតាមរយៈការយកពន្ធលើទំនិញចិន និងជម្លោះពាណិជ្ជកម្ម។ ដំបូងឡើយ ប្រទេសចិន បានអះអាងថា ប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មប៉ុន្តែត្រូវបានបង្ខំចាត់វិធានការសងសឹកវិញ។ ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាបានដឹងពីតម្រូវការ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកថ្មីៗនេះ ឧបសគ្គចម្បងចំពោះកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺពន្ធគយ និងនយោបាយគាំពារនិយមផ្នែកពាណិជ្ជកម្មនេះឯង។

ដោយឡែកឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី (Liu He) ដែលបានធ្វើជាតំណាងរដ្ឋាភិបាលប៉េកាំង ដើម្បីទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ជាមួយសហរដ្ឋអាម៉េរិក បានលើកឡើងថា «កិច្ចព្រមព្រៀងនេះនឹងការពារសន្តិភាព ព្រមទាំងវិបុលភាពរបស់សកលលោក។ ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ ព្រមទាំងការបើកទូលាយបន្ថែមទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានសារសំខាន់ទាំងទៅលើផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយវាពិតជាឆ្លើយតបទៅនឹងក្តីកង្វល់នៃភាគីទាំងពីរ»។ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ តំណាងចរចាពាណិជ្ជកម្មអាម៉េរិក និងចិនបានប្រកាសពី «កិច្ចព្រមព្រៀងបឋម ឬកិច្ចព្រមព្រៀងដំណាក់កាលទីមួយ» ដែលក្នុងនោះចិនបានយល់ព្រមនាំចូលទំនិញតម្លៃ ២០០ពាន់លានដុល្លារពីអាម៉េរិក ក្នុងរយៈពេល ០២ឆ្នាំ។ រីឯអាម៉េរិកបានលុបចោលការដំឡើងពន្ធថ្មីទៀត ដែលត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហើយសន្យាកាត់បន្ថយពាក់កណ្តាលនូវការដំឡើងពន្ធ ១៥ភាគរយ លើទំនិញចិនតម្លៃ ១២០ពាន់លានដុល្លារ ដែលត្រូវបានដាក់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ចំណែកចិនក៏បានផ្អាកគម្រោងដំឡើងពន្ធថ្មីរបស់ខ្លួនដែរ៕