បែកធ្លាយ! រឿងបឹងប្រវត្តិសាស្ត្រនៅមុខរោងចក្រស្រាបៀអង្គរ មានប្លង់កម្មសិទ្ធិឯកជន ប្រជាពលរដ្ឋស្នើសុំឲ្យមន្រ្តីជំនាញពាក់ព័ន្ធពិនិត្យឡើងវិញ

(ព្រះសីហនុ)៖ បឹងធម្មជាតិខាងមុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិលេខ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលប្រជាពលរដ្ឋស្ទើរមួយស្រុកខ្មែរ ជាពិសេសអ្នកខេត្តព្រះសីហនុ បានដឹងយ៉ាងច្បាស់ថា ជាបឹងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកតាំងពីសម្តេចតាមក ឥឡូវនេះបែកធ្លាយថា មានប្លង់កម្មសិទ្ធិឯកជនទៅវិញ ដែលប្លង់នេះទើបតែធ្វើរួចរាល់នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយ លោក ចេង ស្រុង ប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ។

ជុំវិញការបែកធ្លាយនូវឯកសារក្បាលដីកម្មសិទ្ធិឯកជន នៅក្នុងផ្ទៃបឹងប្រវត្តិសាស្រ្តនេះ ត្រូវបានមតិមហាជន ដែលបានឃើញឯកសារនេះ ហួសចិត្តស្ទើរគាំងបេះដូង ព្រោះមិននឹកស្មានដល់សោះឡើយ ហើយមកដល់បច្ចុប្បន្នមានក្បាលដីមួយបានចាក់ដីលុបបឹងនោះ ដោយសំអាងលើប័ណ្ណកម្មសិទ្ធិ និងស្របច្បាប់របស់ខ្លួន ហើយការចាក់ដី ក៏មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដោយឡែកប្រភពផ្សេងៗមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ជាច្រើនដែលបានដឹងរឿងរ៉ាវខ្លះៗបានលួចបង្ហើបថា បច្ចុប្បន្ន ផ្ទៃបឹងទំហំប្រមាណស្ទើរទាំងអស់ ត្រូវបានចេញលេខក្បាលដីដូចជា លេខ 1206-1205-និង1204 ក្នុងនោះក្បាលដីលេខ1205-និង1204 គឺនៅក្នុងបឹងតែម្តង។
ជាមួយនឹងបញ្ហាចាក់ដីលុបបឹងធម្មជាតិខាងលើនេះ ប្រភពដដែលបានទទូចទៅដល់មន្រ្តីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ICU) មេត្តាធ្វើការពិនិត្យឡើងវិញថា តើក្បាលដីលេខ1205-និង1204 មានប្លង់កម្មសិទ្ធិលើដីក្នុងបឹងតាមវិធីណា ហើយច្បាប់អនុញ្ញាតឲ្យគាត់ចាក់ដីលុបបឹងនោះ តើថ្នាក់ដឹកនាំខេត្តព្រះសីហនុ មានបានបង្កើតគណៈកម្មការចុះទៅពិនិត្យជាក់ស្តែងលើទីតាំងដីបឹងដែលបានស្នើនោះដែរទេ ពីព្រោះថា បឹងមួយនេះ គឺជាបឹងធម្មជាតិ ជាបឹងប្រវត្តិសាស្រ្ត មានតាំងពីសម័យដូនតាមកម្ល៉េះ និងមានទឹកពេញព្រៀបខួបប្រាំង ខួបវស្សា មិនដែលរីងទឹកម្តងណាទេ ជាពិសេសបឹងមួយនេះ ត្រូវបានមន្រ្តីថ្នាក់ដឹកនាំខេត្តព្រះសីហនុ មុនៗជាច្រើនជំនាន់មកហើយរក្សាការពារទុកជាសម្បត្តិរដ្ឋបានយ៉ាងល្អ ព្រោះបឹងមួយនេះ វាមានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការរំដោះទឹកភ្លៀងជន់លិចក្នុងរដូវវស្សា។ សរុបសេចក្តីមករាល់ការចេញបណ្ណ័កម្មសិទ្ធិ ក៏ដូច ជាចេញច្បាប់ចាក់ដីលុបបឹងទឹកធម្មជាតិស្រស់ៗ បែបនេះ មិនដឹងថាធ្វើឡើងតាមវិធីណានោះទេ ពីព្រោះថា បើយោងតាមច្បាប់ភូមិបាល បានបញ្ជាក់យ៉ាងច្បាស់ថា ដីបឹង ដីប្រឡាយ អូរ ដីភ្នំ ក៏ដូចជាដីឆ្នេរសមុទ្រ គឺជាដីសម្បត្តិ រដ្ឋ មិនមានបុគ្គលណាម្នាក់ យកមកធ្វើជាកម្មសិទ្ធិបាននោះឡើយ ដូចនេះដើម្បីផ្តល់ភាពយុត្តិធម៌ដល់បឹង ថ្នាក់ដឹកនាំខេត្តព្រះសីហនុគួរ ចុះពិនិត្យជាក់ស្តែងឡើងវិញម្តងហើយ។

ជុំវិញបញ្ហាដីបឹងខាងលើនេះ បើតាមមន្រ្តីអាជ្ញាធររដ្ឋបាលសង្កាត់លេខ១ (សូមមិនបញ្ចេញឈ្មោះ) បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ដីចំណុចនេះ ដើមឡើយត្រូវបានគេឃុបឃិតធ្វើបណ្ណ័កម្មសិទ្ធិ (បណ្ណ័ស្លាប់មាន់) តាំងពីឆ្នាំ១៩៩៣ម្តង រួចហើយ ដោយក្នុងឯកសារពាក់ព័ន្ធក្នុងការធ្វើបណ្ណ័ គេបញ្ជាក់ថា ដីចំណុចនេះ ជាដីចម្ការ និងបានធ្វើការលក់ដូរផ្ទេរកម្មសិទ្ធិ (ត្រឹមថ្នាក់សង្កាត់ )ពីមួយទៅមួយជាហូរហែ។ ក្រោយមកនៅជំនន់លោក ស្បោង សារ៉ាត នៅជាអភិបាលខេត្ត ព្រះសីហនុ អ្នកដែលទិញដីបឹងនេះ ចុងក្រោយ មានបំណងផ្ទេរកម្មសិទ្ធិ ពីឈ្មោះម្ចាស់ដើម ដាក់ឈ្មោះរបស់ខ្លួនឲ្យបានស្របច្បាប់ ប៉ុន្តែត្រូវបានមន្រ្តីជំនាញ សុរិយោដីជំនាន់នោះ ធ្វើការបដិសេធមិនព្រមធ្វើការផ្ទេរសិទ្ធិឲ្យនោះទេ ក្រោយពិនិត្យឃើញថា ដីចំណុចនោះ គឺជាដីបឹងធម្មជាតិមិនមែនជាដីចម្ការទេ។ ក្រោយពីមានការបដិសេធបែបនេះ សកម្មភាពលក់ទិញឬផ្ទេរកម្មសិទ្ធិដីចំណុច ត្រូវបានស្ងប់ស្ងាត់ តាំងពីពេលនោះមក។ ជាមួយនឹងភាពមិនប្រក្រតីដូចបានលើកឡើងនេះ មន្រ្តីសាលាសង្កាត់លេខ១ដដែលរូបនេះ បានបញ្ជាក់ថា រឿងរ៉ាវដីបឹងខាងលើនេះ វាគឺជាការឃុបឃិតគ្នាជាលក្ខណៈ ប្រព័ន្ធ ចាក់គ្រឹះយ៉ាងរឹង មាំលើវិស័យអនុវត្តន៍ច្បាប់ក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នអស់ទៅហើយ មិនងាយ ធ្វើការសើររើឡើងវិញនោះឡើយ។

គួរបញ្ជាក់ផងដែរថា បឹងធម្មជាតិ ខាងមុខរោងចក្រស្រាបៀរអង្គរនេះ គឺជាបឹងប្រវត្តិសាស្រ្ត មានតាំងពីសម័យដូនតាមកម្ល៉េះ ហើយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ មិនថាមនុស្សចាស់ ឬក្មេងនោះទេ នណាក៏ស្គាល់បឹងនេះ ដែរ។ បឹងនេះកន្លងមក កាលពីសម័យ លោកយន្ត មីន ជាអភិបាលខេត្តព្រះសីហនុ លោក បានសិក្សារួចហើយ ពីគម្រោងធ្វើសួនច្បារព័ទ្ធជុំវិញបឹង និងសាងសង់ធ្វើផ្លូវ រៀបការ៉ឡា ដាក់បង់សម្រាប់អង្គុយលេង និងហាត់ប្រាណ ប៉ុន្តែ គម្រោងនោះ ត្រូវបានបរាជ័យ ដោយសារ លោកបានផ្លាស់ប្តូរតំណែងពីថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ មុនពេលកំណត់។ ជុំវិញភាពមិនប្រក្រតីនៃប្លង់កម្មសិទ្ធិលេខក្បាលដីលេខ1205-និង1204 នេះបណ្តាញសារព័ត៌មាន SKY RADIO KH ពុំអាចសុំការបំភ្លឺអំពីលោក ចេង ស្រុង ប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ បាននៅឡើយទេ ព្រោះទូរសព្ទចូលមិនលើក ហើយពេលលើកជាប់ប្រជុំ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ស្ថាប័នសារព័ត៌មានយើងខ្ញុំ នៅតែរីករាយនូវការបំភ្លឺណាមួយអំពីសំណាក់មន្ត្រីពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីនៃអង្គភាពសាម៉ី ដែលយល់ថា ស្ថាប័នយើងខ្ញុំផ្សាយពុំមានលក្ខណៈគ្រប់គ្រាន់នៃអង្គហេតុ និងអង្គសេចក្តី៕ ដោយ៖ ឈុន គឹមហៃ