ផ្ទុះការតវ៉ាសុំដកព្រះសង្ឃព្រះនាម ជុំ វាសនា គង់នៅវត្តភ្នំខ្លា ចេញពីវត្តដោយចោទប្រកាន់ថា កាន់ប្រាក់អង្គឯងធ្វើឲ្យបាត់ជាង៣០លានរៀល

(កំពង់ឆ្នាំង)៖ គណៈកម្មការអាចារ្យវត្តភ្នំខ្លា រួមនឹងតាអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាច្រើននាក់បានកើតទុក្ខមុនសុខចិត្ត និងព្រះសង្ឃមួយអង្គគង់នៅវត្តភ្នំខ្លា ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយបានចោទប្រកាន់ព្រះអង្គថា បានកាន់បច្ច័យវត្តចាយវាយវាយខ្ជះខ្ជាយ គ្មានបញ្ជីស្នាមត្រឹមត្រូវ និងធ្វើឱយបាត់ប្រាក់ប្រមាណជាង៣០លានរៀល។ ការតវ៉ានេះ បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ម្សិលមិញ ដោយមានការចូលរូមសម្របសម្រួលពីមន្ត្រីសង្ឃ និងមន្តី្រការិយាល័យធម្មការស្រុកចូលរួមផងដែរ។

ប្រធានគណៈកម្មការវត្តភ្នំខ្លា លោក យឹមសូន រួមនឹងតាអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានឲ្យដឹងថា ព្រះអង្គ ជុំ វាសនា បាននិមន្តមកពីខេត្តតាកែវ និងបានសុំគង់នៅក្នុងវត្តភ្នំខ្លានេះ ដើម្បីជួយកសាងវត្ត បាន១វស្សាហើយ តែគ្មានតួនាទីអ្វីឡើយជាព្រះភិក្ខុសង្ឃធម្មតា។ ប៉ុន្តែការគង់នៅក្នុងវត្តនេះ ព្រះអង្គបានចាត់ទុកអង្គឯងជាអ្នកគ្រប់គ្រងវត្ត ទុកដាក់ប្រាក់ចំណូល ចំណាយរបស់វត្តដោយខ្លួនឯង គឺដោយអត្តនោម័ត មិនឲ្យគណៈកម្មការវត្តបានដឹងឡើយ។ រយៈកាលកន្លងមក តាមការកត់ត្រារបស់គណៈកម្មការវត្តចំពោះតែប្រាក់ចំណូលធំៗ ដូចជាក្នុងបុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន និងបុណ្យផ្កា ប្រាក់ដែលទទួលបានសម្រាប់កសាងវត្តសរុបមានចំនួន ៥៧លានរៀល ហើយការដកការចំណាយទៅវិញ គឺត្រូវនៅសល់ប្រមាណតែជាង៣០លានរៀល។ ប៉ុន្តែពេលគណៈកម្មការសួរនាំ ព្រះអង្គបានឆ្លើយថា លុយកសាងវត្តបានចំណាយអស់ហើយ គឺចាយវាយតែអង្គឯងគ្មានវិក័យបត្រ គ្មានគណៈកម្មការវត្តណាមួយបានដឹងឮនោះឡើយ។ ម៉្យាងទៀតកាលពី២ថ្ងៃមុន ព្រះអង្គ ជុំ វាសនា បានលក់ស្រូវក្នុងវត្តជិត៣តោនទៀត បានប្រាក់ជាង២លានរៀល តើលុយលក់ស្រូវនោះនៅឯណា? កន្លងមក លោកបានទិញឡានកាមរី៩៦ មួយគ្រឿងមាន តម្លៃ៤៥០០ដុល្លារ និងថាជួលជុលអស់ដល់ទៅ៧០០០ដុល្លារ ឥឡូវយកឡានទៅលាក់បាត់ទៀត។

នៅរសៀលថ្ងៃនោះផងដែរ ព្រះសង្ឃ ជុំ វាសនា មិនបានចេញមកចូលរួមដោះស្រាយបញ្ហារឿងលុយកាក់នោះទេ ដោយព្រះអង្គនិមន្តចូលបន្ទប់បិទទ្វារមិនព្រមចេញ ទោះគណៈកម្មការ និងអាចារ្យវត្ត ហៅយ៉ាងណាក៍មិនព្រមចេញដែរ ។ ដោយហេតុនេះហើយ ក្នុងកិច្ចប្រជុំសមូហភាព មានគណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ រួមនឹងលោកមេភូមិ បានឯកភាពគ្នា ផ្តិតមេដៃមិនអោយ ព្រះអង្គ ជុំ វាសនា គង់នៅក្នុងវត្តភ្នំខ្លាទៀតឡើយ។ ទាក់ទងនឹងរឿងនេះ ព្រះអង្គ ជុំ វាសនា ភ្នាក់ងារយកព័ត៌មាន SKY RADIO KH មិនអាចសុំការបំភ្លឺបានឡើយ តែបើតាមគណៈកម្មការវត្ត បានស្រង់ថេរដីកាព្រះអង្គ ដែលធ្លាប់បានឆ្លើយប្រាប់លោកអភិបាលស្រុករលាប្អៀរ និងលោកមេឃុំថា ចំណូលចំណាយបានធ្វើរបាយការណ៍ជូនស្រុកអស់ហើយ ម្តេចពេលនេះ នៅលើកកកាយមកសួរទៀត។ ដោយឡែក លោកស្រី ប្រធានការិយាល័យធម្មការស្រុករលាប្អៀរ បានបញ្ជាក់ថា តាមពិតទីនេះ មិនទាន់ក្លាយជាវត្តនៅឡើយនោះទេ គឺមានឈ្មោះត្រឹមជាអាស្រមតែប៉ុណ្ណោះ។ ចំណែកគណៈកម្មការវត្ត និងព្រះអង្គ ជុំ វាសនា ក៏មិនទាន់មានការចាត់តាំង ឬតែងតាំងតួនាទីអ្វីជាផ្លូវការនៅឡើយដែរ។ ថ្ងៃនេះ យើងដោះស្រាយវិវាទមិនទាន់បានសម្រេចនៅឡើយទេ ហេតុនេះហើយ បានឯកភាពគ្នា លើកយកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មកដោះស្រាយម្តងទៀត ដោយតម្រូវឲ្យព្រះអង្គ ជុំ វាសនា ធ្វើរបាយការណ៍ និងយកវិក័យបត្រ ច្បាស់លាស់យកមកបកស្រាយការចោទប្រកាន់។ ចំណែកគណៈកម្មការ លោកតាចារ្យ ក៏ត្រូវធ្វើរបាយការណ៍ច្បាស់លាស់ដែរថា តើប្រាក់ចំណូលសម្រាប់កសាងវត្ត ពេលនេះធ្វើអ្វីបានខ្លះហើយ ដើម្បីឲ្យអធិករណ៍នេះ បានស្ងប់ទទួលយកទាំងសងខាង៕ ដោយ៖ សុក្ខារិន