ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​អូស្ត្រាលី​ បានបណ្តាល​ឱ្យ​សត្វព្រៃរាប់សិបលានក្បាល ស្លាប់

​(អន្តរជាតិ)៖ ក្រុម​អ្នកជំនាញ​នាំ​មុខ​គេ​ខាងសត្វព្រៃ បាននិយាយ​ថា​ សត្វ​ជាង ១ពាន់លានក្បាល ​បានស្លាប់​នៅ​ក្នុង​ភ្លើង​ឆេះ​ព្រៃ ​ក្នុង​រដ្ឋ​ New South Wales ។​ មានមនុស្ស​ស្លាប់ ផ្ទះ​រាប់រយ​ខ្នង​បានត្រូវបំផ្លាញ ​ហើយផ្ទៃ​ដី​ធំធេង​បានឆេះ ។​ មហន្តរាយ​នេះ​ ក៏មាន​ផលវិបាក​ដល់​សត្វ​ផង​ដែរ ។​

សត្វ​ Koala ដែល​ជា​សត្វ​មាន​ថង់នៅ​នឹង​ពោះ​សម្រាប់​ដាក់កូន ​ដែល​ជា​សត្វ​ដ៏ល្បី​នៅក្នុង​ប្រទេស​អូស្ត្រាលី ត្រូវបានភ្លើង​ឆេះរោល​ពេញ​ខ្លួន បង្ហាញ​ពីភាពធ្ងន់ធ្ងរ​នៃ​អគ្គីភ័យ​ទាំង​នេះ ។ សាកល​វិទ្យាល័យ Sydney បាន​ស្ទង់ប្រមាណ​ថា ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ សត្វ​ស្លាប ​និង​សត្វល្មូន ​ជាង​ ១ពាន់​លាន​ក្បាល បាន​ស្លាប់ ហើយ​សត្វល្អិត «រាប់រយ​ពាន់​លាន» ក៏​បាន​បាត់បង់​ជីវិត​ក្នុង​ភ្លើង​ឆេះព្រៃ​ទាំង​នេះ​ដែរ ។

ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា​ «ប្រភេទ​សត្វខ្លះ​អាចផុតពូជ» ។ ក្រុម​អ្នកជំនាញ​ក៏ព្រួយ​បារម្ភដែរ​ថា​ សត្វ​ដែល​នៅ​រស់​ពីអគ្គីភ័យ​ទាំង​នេះ ​ដោយ​រត់​គេចខ្លួន ​ឬស្វះស្វែងរក​ទីមានសុវត្ថិភាព​នៅក្រោម​ដី ​នឹង​វិល​ត្រឡប់មក​កាន់​តំបន់​ដែល​គ្មាន​អាហារ គ្មានទឹក​ ឬគ្មានទី​ជម្រក ​នេះវិញ ។

នៅ​ក្នុង​សួន​សត្វ និងកន្លែង​អភិរក្ស​សត្វព្រៃ ក្រុម​បុគ្គលិក​បាន​ប្រថុយ​ប្រថាន​ជីវិត​ពួក​គេ ​ដើម្បី​ការពារ​សត្វ​ដែល​ពួក​គេថែទាំ ។ នៅ​ពេល​ដែល​អគ្គីភ័យ​ឆេះ​កាត់​ក្រុង Mogo នៅ​​ឆ្នេរ​សមុទ្រខាង​ត្បូង​នៃ​រដ្ឋ New South Wales កាល​ពីល្ងាច​មុនថ្ងៃ​ចូល​ឆ្នាំ​ថ្មី មានការ​ព្រួយ​បារម្ភ​ខ្លាំង​អំពីសត្វ​នៅ​ក្នុង​សួន​សត្វក្នុង​មូលដ្ឋាន ។ សត្វទាំង​នេះ​នៅ​រស់​ទាំង​អស់ ក៏ប៉ុន្តែ​សួន​សត្វនេះមានការ​ខូចខាត​ច្រើន ។

លោក Chad Staples ដែល​ជា​ប្រធាន​អ្នកថែ​ទាំ​សត្វ​ក្នុង​សួន​សត្វនេះ​បាន​និយាយ​ប្រាប់​វិទ្យុ ​និង​ទូរទស្សន៍ ​ABC នៃ​ប្រទេស​អូស្ត្រាលី អំពី​សេចក្តី​សម្រេច​របស់​លោក ​ក្នុង​ការ​ឋិត​នៅ​ទី​នោះ​ដើម្បី​ប្រយុទ្ធ​នឹង​អគ្គីភ័យនេះ ។ «យើង​មាន​របង​ខូចខាត​ច្រើន ។ អ្វី​ដែលល្អ​នោះ​គឺ​ យើង​បាន​ជួយ​សង្គ្រោះ​សត្វ​ទាំង​អស់​ ដោយ​គ្មាន​របួស ​និង​មិនមាន​ជំងឺទេ ។ យើង​ត្រូវ​តែ​ឋិត​នៅ​ទី​នេះ​ ហើយ​ជួយ​សង្គ្រោះ​សត្វទាំង​នេះ ។ យើង​បានដឹង​ថា​នេះ​ជា​កន្លែង​ល្អ​បំផុត ​ប្រសិន​បើ​យើង​ឧស្សាហ៍​ យើង​អាច​ធ្វើឱ្យ​សួន​សត្វនេះ ​ជា​កន្លែង​មានសុវត្ថិភាព​បាន ។​ ក៏ប៉ុន្តែ​ជា​ការ​ពិត ខ្ញុំ​យល់​ថា​នៅ​ពេលខ្លះ​មនុស្ស​គ្រប់គ្នា​មានការ​ភ័យ​ខ្លាច​ដែរ‍» ។ សត្វ​ពាហនៈចិញ្ចឹម រាប់ម៉ឺនក្បាល​ ក៏​ទំនង​ជា​ងាប់​នៅ​ក្នុងមហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​ទាំង​នេះ​ដែរ ។ ​កសិករ​បានត្រូវ​បង្ខំចិត្ត​ឱ្យ​សម្លាប់​សត្វ​ពាហនៈដែលមាន​របួស ។ ការ​ខាត​បង់​អាច​មាន​ចំនួន​ច្រើនលាន​ដុលា្លរ ។

នៅ​ពេល​ណា​ដែល​អគ្គីភ័យ​ទាំង​នេះ​រលត់អស់ ​ទើប​ប្រទេស​អូស្ត្រាលី​អាច​វាយ​តម្លៃត្រឹមត្រូវ​ជាង​មុន អំពី​ទំហំ​នៃការ​ខូច​ខាត​ដល់​សត្វពាហណៈ និង​សត្វ​ព្រៃ ។ ភ្លើង​ឆេះ​ព្រៃ​រាប់​សិប​កន្លែង នៅ​តែ​បន្ត​ឆេះ​តទៅ​ទៀត នៅ​ក្នុង​រដ្ឋមួយ​ចំនួន​នៃ​ប្រទេស​អូស្ត្រាលី ៕ ប្រែសម្រួល៖ សារិទ្ធិ