ងាកមកស្គាល់កូនក្រមុំ ដែលចង់បានពិធីមង្គលការរបស់ខ្លួន បែបខ្មែរបុរាណសុទ្ធសាធ

ប្រពៃណី ៖ លោកអ្នកបានដឹងខ្លះៗហេីយពី មង្គលការមួយ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងនូវការរៀបចំមើលទៅសាមញ្ញ។ ក្រឡែកមើលការរៀបចំវិញ ឃើញថាសុទ្ធតែចំណាយខ្ពស់ ដើម្បីទទួលបានអ្វីដែលកូនក្រមុំចង់បាន ដោយគេសង្កេតឃើញថាគ្រាន់តែក្លោងទ្វារមង្គលការ មានការរៀបចំដើមចេកមាស ចេកប្រាក់ ហើយមិនសូវមានផ្កាបរទេសបែរជាមានផ្កាឈូក ផ្លែឈូក លំអរទៅវិញ។ អ្វីដែលគួរឱ្យសរសើរនោះ គឺមានបន្ថែមក្បាច់ចាក់ចេករបស់ខ្មែរយើងទៀតផង តែលោកអ្នកប្រហែលជាមិនទាន់ដឹងពីប្រវត្តិកូនក្រមុំ និងកូនកំលោះនៅឡេីយទេ ។

 

ថ្ងៃនេះក្រុមការងារយេីង នឹងលេីកយកពីប្រវត្តិកូនក្រមុំនិងកូនកំលោះដែលបានរៀបចំកម្មវិធីមង្គលការរបស់ខ្លួននោះ តើជាអ្នកណា ? តោះមកដឹងទាំងអស់គ្នា កូនក្រមុំ ឈ្មោះ អ៊ុ ច័ន្ទទេវី បានរៀនចប់បរិញ្ញាប័ត្រ ផ្នែកហិរញ្ញវត្ថុធនាគារ នឹងបរិញ្ញាប័ត្រគ្រប់គ្រង ដែលជា នាយិកានៃស្ថានីយ៍វិទ្យុអេប៊ីស៊ី តាំងពីអំឡុងឆ្នាំ២០០៨ រហូតមកទល់ឆ្នាំ២០១៦ ។ ហេីយចាប់ពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងសាលាបង្រៀនបើកបរ ២៣តុលា ហើយថែមទាំងជា Co-Founder កម្មវិធី បុណ្យភូមិ ផងដែរ ចំណែកកូនកំលោះក៏មានមុខងារជាអ្នក Architecture ។

ចេក ទាំងផ្លែ ទាំងស្លឹក និងដើម សុទ្ធតែអាចយកទៅប្រេីប្រាស់ ជាគ្រឿងរណ្ដាប់ជាវត្ថុសក្ការៈ ដែលមិនអាចខ្វះបាន ក្នុងជំនឿរបស់ខ្មែរ សម្រាប់ការរៀបចំពិធី មង្គលការ បុណ្យទានផ្សេងៗ ហើយវត្ថុដែលសំខាន់បំផុត ក្នុងការធ្វើគ្រឿងរណ្ដាប់ ទៅតាមពិធី និងខ្លឹមសារ នៃកិច្ចការនីមួយ។

 

ជាក់ស្ដែង កូនក្រមុំដោយចង់រំលេចឲ្យឃើញពីសារៈប្រយោជន៍ ពីការចាក់ចេក ដែលស្ទេីរតែបាត់មុខតាមពិធីផ្សេងៗ ទៅហេីយនោះ យកមកអភិរក្សបានយ៉ាងល្អ ឡេីងវិញ ដេីម្បីជាការចូលរួមថែរក្សានូវប្រពៃណីទំនៀមទម្លាប់បុរាណរបស់ខ្មែរ នៅក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួននេះ អោយបងប្អូន ភ្ញៀវកិត្តិយស ដែលមិនធ្លាប់បានដឹង បានស្គាល់អំពីប្រវត្តនៃការ ចាក់ចេក ដែលមានប្រវត្តិរៀបចំតាំងពីយូរលង់មកហើយ។

នៅក្នុងកម្មវិធី យើងសង្កេតឃើញថាពួកគាត់បានព្យាយាមបង្ហាញអោយឃើញច្បាស់នូវ ផ្កាស្លា ចងក្រមា ដែលសម័យបច្ចុប្បន្ន គេនិយម ចាក់ផ្កាកូលាប ឬ តុបតែងផ្កាបរទេស ពីលើសឹងតែមិនដឹងថាជាផ្កាស្លាទេ។