វិភាគអន្តរជាតិ៖ តើត្រូវរត់គេចចេញពីភាពមិនច្បាស់លាស់សកល ដែលកំពុងរីកធំដោយរបៀបណា?

(អន្តរជាតិ)៖ ឆ្នាំថ្មី ទសវត្សថ្មី ចាប់ផ្តើមមិនល្អឡើយ។ ការរាលដាលនៃវីរុសកូរ៉ូណា ចេញពីក្រុងវូហាន និងភ្លើងឆេះព្រៃនៅអូស្ត្រាលី ជាព្រឹត្តិការណ៍សកលដែលរំលឹកយើងថា ពិភពលោកបច្ចុប្បន្ននេះ មានភាពប្រទាក់ក្រឡាគ្នាយ៉ាងណា។ ជាងពេលណាៗ ទាំងអស់ យើងជួបនឹងការប្រឈមនានា ក្នុងទ្រង់ទ្រាយជាសកល ដែលទាមទារឲ្យមានសកម្មភាពសកល។ ប៉ុន្តែពិភពលោកកំពុងតែចលនាទៅតាមទិសដៅផ្សេងគ្នា ឆ្ងាយពីសកម្មភាពជាសមូហភាព។

ពិភពលោក​ កំពុងតែពោរពេញដោយភាពមិនច្បាស់លាស់ ដែលមើលទៅមានសភាពកាន់តែធ្ងន់ឡើង។ មហាអំណាចលោកខាងលិចដែលមានស្រាប់ បន្តធ្វើឲ្យខូចគ្រប់តម្លៃនិយាម និងប្រព័ន្ធទាំងអស់ ដែលបានបង្កើត និងរក្សារហូតមក។ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ បន្តការវាយលុកលើពាណិជ្ជកម្ម និងស្ថាប័នសកលនានា ហើយអង់គ្លេស ក៏បានដើរតាមការសន្យារបស់ខ្លួនថានឹងផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ ឆ្នាំនៃការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ក៏កំពុងតែចេញដំណើរយ៉ាងរដាក់រដុប ហើយក្រុមសៀកនៅក្នុងសភាអាម៉េរិក ឆ្លុះបញ្ចាំងឲ្យឃើញមិនល្អសោះអំពីស្ថាប័នប្រជាធិបតេយ្យរបស់អាម៉េរិក។

ការគ្រប់គ្រងការងើបឡើងរបស់ចិន និងផលប៉ះពាល់លើប្រព័ន្ធសកល នឹងជាការប្រឈមនៃយុគសម័យ ហើយវាត្រូវបានធ្វើឲ្យកាន់តែលំបាកឡើង ខណៈដែលវាមានទំនោរទៅរកអាជ្ញាសិទ្ធិនិយមក្នុងប្រទេស និងជំហរបរទេសដែលកាន់តែរឹងរូសថែមទៀត។ ហានិភ័យសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ សន្តិសុខ សុខាភិបាល និងអាកាសធាតុ ដែលយើងទាំងអស់គ្នាបានជួប មានការពាក់ព័ន្ធគ្នា ហើយភាពមិនច្បាស់លាស់ដែលវាបានបង្កើតឡើង ក៏កំពុងតែជួយធ្វើឲ្យកាន់តែលាន់ឮខ្លាំង និងឆ្លងរាលដាលនូវហានីភ័យទាំងនោះ។

គ្រប់រដ្ឋទាំងតូច និងធំ បានទទួលយកផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងផលល្អរបស់សមូហភាព ។ ប្រជានិយម និងជាតិនិយម កំពុងតែជាកម្លាំងជំរុញខ្លាំងឡើងក្នុងប្រទេសមហាអំណាចធំសំខាន់ៗ ដោយការពង្រឹងអំណាច និងបង្កើតអ្នកជាតិនិយម និងប្រជានិយមនៅគ្រប់ទីកន្លែង។ មេរៀនពីអតីតកាលត្រូវបាត់បង់ និងត្រូវគេធ្វើមិនដឹងឮ ដែលប្រការនេះ ធ្វើឲ្យមានការបារម្ភថាកំហុសពីអតីតកាលនឹងកើតមានជាថ្មី។

ក្របខ័ណ្ឌនៃរបៀបរបបសកលត្រូវបានបង្កើត ក្នុងដំណាក់កាលក្រោយសង្គ្រាមដើម្បីចៀសពីកំហុសនានា ដែលបានធ្វើកាលពីទសវត្សឆ្នាំ​១៩៣០ ដែលនាំដល់ការកើតមានសង្គ្រាមលោកលើកទី២។ របៀបរបបអាស្រ័យទៅលើក្បួនច្បាប់ណែនាំ ដែលកើតចេញនៅឯ Bretton Woods មិនទាន់មានអ្វីត្រឹមត្រូវឥតខ្ចោះទេ តែវាបានជួយមួយផ្នែកធំឲ្យមានសុវត្ថិភាពពីការគាំពារនិយម និងគោលនយោបាយដែលប្រឆាំងនឹងប្រទេសជិតខាង។

អ្វីដែលកើតមានបន្ទាប់មក គឺជារយៈពេល៧០ឆ្នាំ នៃការធ្វើអនុត្តរភាពសេដ្ឋកិច្ចសកល ជាមួយនឹងផលវិជ្ជមានពីការចូលពាក់ព័ន្ធសេដ្ឋកិច្ចជាអន្តរជាតិ ដែលប្រកាន់យកដោយមិនមានការត្រួតត្រាដោយភូមិសាស្ត្រនយោបាយ ឬគោលនយោបាយសន្តិសុខជាតិ។ ប្រព័ន្ធនោះ អនុញ្ញាតឲ្យប្រទេសតូចជាង និងក្រីក្រជាងនានា បើកចំហទៅកាន់ពាណិជ្ជកម្មអន្តរជាតិ និងមានទំនុកចិត្តថា ពួកគេមានក្បួនខ្នាតច្បាស់លាស់ ដើម្បីការពារពួកគេពីការគាបសង្កត់ផ្នែកភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ប្រព័ន្ធនោះ ពេលនេះ កំពុងតែរងនូវការគំរាមកំហែង និងប្រឈមទៅនឹងការសាកល្បងដ៏ធំបំផុត គិតតាំងពីថ្ងៃដែលត្រូវបានបង្កើត។

ព្រឹត្តិការណ៍ថ្មីៗនេះ គឺដំណឹងស្តីពីដំនាក់កាលទីមួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ ជាដំណឹងគួរឲ្យស្វាគមន៍សម្រាប់ផ្សារហ៊ុន ដោយសារវាបាននាំយកនូវភាពច្បាស់លាស់ខ្លះទៅដល់គោលនយោបាយសេដ្ឋកិច្ចជាសកល កាលពីដើមឆ្នាំថ្មី។ ប៉ុន្តែ​វាជាការគំរាមកំហែងមួយថ្មី ចំពោះប្រព័ន្ធពាណិជ្ជកម្មដែលមានក្បួនច្បាប់ ខណៈដែលសេដ្ឋកិច្ចដ៏មានអានុភាពបំផុត និងដៃគូពាណិជ្ជកម្មធំបំផុតនៃពិភពលោក បាននាំពិភពលោកឆ្ពោះទៅក្បួនខ្នាតមួយដែលកំណត់ដោយភាពខ្លាំង និងអំណាច។

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ បានរុញចិន និងសហរដ្ឋអាម៉េរិកឆ្ពោះទៅពាណិជ្ជកម្មមួយដែលមានការគ្រប់គ្រង ដែលជាការបំពានយ៉ាងកម្រោលលើក្បួនខ្នាតនៃអង្គការពាណិជ្ជកម្មពិភពលោក។ វាអាចថាប្រសើរជាងការមិនមានកិច្ចព្រមព្រៀង តែវាក៏ជាភស្តុតាងបន្ថែមទៀត នៃការមិនអើពើគោរពរបស់អាម៉េរិកចំពោះក្បួនខ្នាតសកល។ ការធ្វើបែបនេះ ជួយធ្វើឲ្យចិនមានភាពស្របច្បាប់ក្នុងការមិនគោរពដល់ពហុភាគីនិយម ដែលខ្លួនមានចំណែកដ៏ធំ និងអាចថាជាជើងឯកនាំមុខផង។

គ្រប់ការព្រមព្រៀងដែលអាម៉េរិកបានចរចា ក្នុងសម័យកាលរបស់លោក ត្រាំ មានរាប់បញ្ចូលនូវវិធានការ ដែលបំពានក្បួនខ្នាតអង្គការពាណិជ្ជកម្មពិភពលោក ដែលអាម៉េរិកបានជួយបង្កើតវាឡើង ដោយចាប់បង្ខំឲ្យប្រទេសនានា ជ្រើសយកបិសាចមួយដែលអាក្រក់តិចជាង ក្នុងចំណោមបិសាចពីរ គឺ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬប្រឈមនឹងការដាក់ទណ្ឌកម្ម។

មហាអំណាចធំៗ ជាទូទៅចូលចិត្តយកការព្រមព្រៀងគ្នា ជាមួយមហាអំណាចតូចតាច ជាទ្វេភាគី ហើយចិន មិនមែនជាការលើកលែងទេ។ គំនិតផ្តើមខ្សែក្រវាត់ និងផ្លូវ កំពុងតែត្រូវបានជម្រុញ ដោយចិនធ្វើការព្រមព្រៀងជាមួយដៃគូតូចៗ «មួយទល់មួយ»។ ក្នុងពាណិជ្ជកម្ម ភាគហ៊ុនរបស់ចិនក្នុងពហុភាគីនិយមមានទំហំធំ តែពេលណាដែលខ្លួនមិនមានទំនុកចិត្តក្នុងប្រព័ន្ធនោះ។ មានអ្នកវិភាគខ្លះថា ចិនក៏នឹងប្រកាន់យកឥរិយាបថដូចតែអាម៉េរិករបស់លោក ត្រាំ មិនខាន។

យន្តការពង្រឹងក្បួនខ្នាតពាណិជ្ជកម្មសកល កំពុងតែស្ថិតក្នុងវិបត្តិ។ គិតតាំងពីខែធ្នូ ឆ្នាំ២០១៩ស្ថាប័នឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក លែងអាចទទួលសាវនាការរឿងក្តីថ្មីៗ ដោយសារតែពេលនេះខ្លួនមានតែចៅក្រមមួយ។ អាម៉េរិក បានប្រើសិទ្ធិវ៉េតូ ការតែងតាំងចៅក្រមថ្មីនានា ក្នុងអ្វីដែលជាការប៉ុនប៉ង ដើម្បីហែកចោលនូវប្រព័ន្ធដែលកំពុងធរមាន ដើម្បីកសាងវាឡើងវិញតាមរបៀបដែលខ្លួនចង់បាន។ ឥរិយាបថនេះ គឺជាការកាត់ផ្តាច់ខ្លួនចេញពីក្បួនខ្នាតច្រើនជាងចង់ឲ្យមានការកែទម្រង់ដល់ស្ថាប័ន។

សហភាពអឺរ៉ុប ចិន កាណាដា អូស្ត្រាលី សិង្ហបុរី កូរ៉េខាងត្បូង ម៉ិកស៊ិក និងប្រទេស១០ទៀត បានបង្កើតជាសម្ព័ន្ធភាពមួយដើម្បីស្រាយទំនាស់ពាណិជ្ជកម្ម ដូចគ្នានឹងស្ថាប័ន្ធឧទ្ធណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក តាមរយៈក្បួនខ្នាតដែលមានការអនុញ្ញាតក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ នេះជាសកម្មភាពសមូហភាពមួយ ដែលត្រូវការយ៉ាងចាំបាច់។ វាមិនមែនជាសម្ព័ន្ធភាព ដើម្បីប្រឆាំងនឹងប្រទេសណាមួយទេ តែវាជាសកម្មភាពរួមដែលងើបឡើងការពារផលប្រយោជន៍អន្តរជាតិក្នុងប្រព័ន្ធមួយដែលផ្អែកទៅតាមក្បួនខ្នាត។

នេះគ្រាន់តែជាការចាប់ផ្តើម នៃផលវិបាកកើតចេញពីការប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលបានធ្វើឡើងរវាងអាម៉េរិក និងចិន។ ប្រទេសនានា កំពុងតែត្រូវបានចាប់បង្ខំឲ្យធ្វើការជ្រើសរើសយ៉ាងលំបាក រវាងអាម៉េរិក និងចិន ក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងក្បួនខ្នាតនានា។ ប៉ុន្តែពួកគេក៏កំពុងតែត្រូវបានដាក់ឲ្យជ្រើសរើសរវាងប្រព័ន្ធពហុភាគីផ្អែកតាមក្បួនខ្នាត និងការទទួលផលរយៈពេលខ្លី ក្នុងពិភពលោកមួយដែលកំពុងតែចលាចល ដែលមិនមានសណ្តាប់ធ្នាប់បែបនេះ។ ដោយជំទាស់ទៅនឹងប្រទេសមានកម្លាំងខ្លាំងនានា ក្នុងនោះមានទាំងប្រទេសដែលមានអំណាចខ្លាំងបំផុតផង វាមិនមែនជាការងាយទេ។ ការធ្វើបែបនោះ ក្នុងសម្ព័ន្ធភាពមួយនៃប្រទេសដែលមានការគិតគូដូចគ្នា ការចង់ការពារភាពបើកចំហក្បួនខ្នាត និងពហុភាគីនិយម វាអាចមានការងាយស្រួលជាងបន្តិច។

ការគាំពារ ការអភិរក្ស និងការកែទម្រង់ប្រព័ន្ធពាណិជ្ជកម្មសកល ជាអាទិភាពកំពូល។ ហានិភ័យដែលកំពុងតែកើតពាសពេញពិភពលោក មានការជាប់ពាក់ព័ន្ធគ្នា តែដោយមានប្រព័ន្ធសេដ្ឋកិច្ចពហុភាគីដ៏ក្លៀវក្លា វាមានមូលដ្ឋានសរុបជាវិជ្ជមានសម្រាប់ប្រទេសនានាចូលពាក់ព័​ន្ធនឹងគ្នា។ បើមិនមានវាទេ អ្វីៗនឹងឈានទៅរកស្ថានភាពចាញ់ចាញ់ជាមិនខាន៕ ដោយ៖  K Tamara