កសិកដាំដំណាំដើមទំពាំងបារាំង សម្តែងការព្រួយបារម្ភពីអាកាសធាតុហួតហែង នៅរដូវប្រាំងនេះ

(កំពង់ឆ្នាំ)៖ កសិករដាំដុះដើមទំពាំងបារាំងម្នាក់ នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានសម្តែងនូវការព្រួយបារម្ភ ខណៈដែលអាកាសធាតុហួតហែងខ្លាំង ធ្វើឲ្យអណ្តូងស្នប់របស់គាត់ចំនួន៣កន្លែង គ្មានទឹកគ្រប់គ្រាន់ ដើម្បីបូមយកទៅស្រោចស្រពចម្ការទំពាំងបារាំង ជាង៤ពាន់គុម្ពរបស់គាត់ ដែលមានអាយុជាង១ឆ្នាំមកហើយនោះ ត្រូវអាក់ខានប្រមាណ៣ខែមកហើយ មិនបានទទួលផល។

លោក ម៉ាត់ ផល្លី អាយុ៤៥ឆ្នាំ ជាកសិករដាំទំពាំងបារាំង នៅភូមិស្រែតាជៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិយាយឲ្យដឹងថា គាត់បានខិតខំប្រឹងប្រែងដាំដើមទំពាំងបារាំង បានចំនួនជាង៤ពាន់គុម្ព លើផ្ទៃដីទំហំ២៥អា ( ៥០ម៉ែត្រ៤ជ្រុង) នៅក្នុងចម្ការមួយនេះ ដែលមានអាយុ១ឆ្នាំ២ខែហើយ ដោយចំណាយដើមទុន ជាង៨លានរៀល។ ប៉ុន្តែអ្វីដែលគាត់កំពុងខកចិត្តនោះគឺ រដូវប្រាំងឆ្នាំនេះ អាកាសធាតុមានការប្រែប្រួលហួតហែងខ្លាំងធ្វើ ឲ្យទំពាំងបារាំង ដែលកំពុងទទួលបានផលហើយនោះ បែរជាត្រូវខកខានប្រហែល៣ខែទៅវិញ ព្រោះតែអណ្តូងស្នប់ដែលគាត់បុកចំនួន៣កន្លែងនៅក្នុងចម្ការគាត់គ្មានប្រភពទឹកគ្រប់គ្រាន់ សម្រាប់បូមស្រោចស្រពឡើយ រហូតដល់ខែវស្សាមានភ្លៀងធ្លាក់មក ទើបមានទឹកស្រោចស្របគ្រប់គ្រាន់វិញ។ លោក ម៉ាត់ ផល្លី បានបញ្ជាក់ឲ្យដឹងទៀតថា កាលពីខែវស្សា មានទឹកគ្រប់គ្រាន់ក្នុង១ថ្ងៃ គាត់អាចកាត់ទំពាំងបារាំងគាត់បានពី៥ទៅទៅ៧គីឡូក្រាម ដែលលក់រាយក្នុងមូលដ្ឋាន ១គីឡូក្រាម១៥០០០រៀល និងបើបោះដុំអោយម៉ូយនៅភ្នំពេញ ១គីឡូបាន១ម៉ឺនរៀល ប៉ុន្តែនៅក្នុងទីផ្សារទំនើប ក្នុង១គីឡូក្រាម ថ្លៃ៦ដុល្លារ។ ដោយឡែក ការដាំដុះដើមទំពាំង បារាំងនេះ គឺត្រូវប្រើតែជីធម្មជាតិអាចម៍គោ អាចម៍មាន់ ដើមទន្រ្ទានខត្ត និងអង្កាមតែប៉ុណ្ណោះ ប៉ុន្តែបើប្រើជីគីមី គឺវាមិនអាចហុចផលឲ្យទេ ហើយដើមទំពាំងបារាំងនេះអាយុ កាលវាហុចផល គឺមានរយៈពេលដល់ទៅ២៥ឆ្នាំឯណោះ។

ម្ចាស់ចំការ ទំពាំងបារាំងដែលទើបតែមានអាយុ១៤ខែនេះ បានឲ្យដឹងទៀតថា បើមានទឹកគ្រប់គ្រាន់វិញ ក្នុងពេលនេះ គាត់អាចទទួលផលក្នុង១ថ្ងៃ ពី៨គីឡូ ទៅ១០គីឡូក្រាម ហើយបើវាមានអាយុ២ឆ្នាំឡើងទៅ វានឹងអាចហុចផលអោយគាត់ ក្នុង១ថ្ងៃ២០គីឡូ បើលក់បោះដុំ ស្មើនឹង ១ថ្ងៃបាន៥០ដុល្លារ។ កសិករ ម៉ាត់ ផល្លី ក៏បានផ្តាំផ្ញើផងដែរ ដល់ប្រជាកសិករ នៅក្នុងមូលដ្ឋានថា បើចង់ដាំដើមទំពាំងបារាំងនេះ សូមរកទីតាំងណាដែលមានប្រភពទឹកគ្រប់គ្រាន់ ទាំងខែវស្សា និងខែប្រាំង ដោយត្រូវធ្វើការថែទាំ ធ្វើស្មៅស្រោចទឹកវា ជារៀងរាល់ថ្ងៃ ទើបទទួលបានជោគជ័យ។ ដើមទំពាំង បារាំងនេះគេឲ្យឈ្មោះថាជា «បន្លែអធិរាជ» គ្មានសារធាតុគីមី ដែលមានសារធាតុចិញ្ចឹមរាងកាយ បានយ៉ាងល្អប្រសើរ និងជាពិសេសជនបរទេស ពួកគាត់ចូលចិត្តញ៉ាំវាណាស់។ ចំណែកទីផ្សារលក់ចេញវិញនៅផ្សារទំនើប មានប៉ុន្មានក៏គេទទួលទិញដែរ គឺមិនពិបាកលក់ដូរឡើយ ចំណែកការលក់ រាយនៅក្នុងទីផ្សារមូលដ្ឋានវិញ ក៏មានតម្លៃខ្ពស់ផងដែរ គឺក្នុង១គីឡូក្តាម ពី១២០០០ រៀល ទៅ១៥០០០រៀល៕ ដោយ៖ សុក្ខារិន