រថយន្តធុនធំបុកម៉ូតូ បណ្តាលយុវជន៣នាក់ស្លាប់នៅនឹងកន្លែង មុខស្នងការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ គ្រោះថ្នាក់ចរាចរប្រហារជីវិតអ្នកធ្វើដំណើរតាមម៉ូតចំនួនបីនាក់ ដោយសាររថយន្តធុនធំបើកបុកហើយកិននៅមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១:៥០រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំងបី៣នាក់រួមមាន៖ ១)ឈ្មោះ សម្បត្តិ វិនថាដា អាយុ១៨ឆ្នាំ ២)ឈ្មោះ ស៊ូ ថានុន អាយុ២២ឆ្នាំ និង៣)ឈ្មោះ សាយ សុភី អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយជ័យ។ អ្នកទាំង៣ ធ្វើដំណើរដោយម៉ូតូ១គ្រឿងធុនហុងដា ឌ្រីមឆ្នាំ២០១៩ ពាក់ស្លាកលេខបន្ទាយមានជ័យ1T.7414 លុះមកដល់ចំនុចកើតហេតុ ក៏ត្រូវរថយន្តពាក់ស្លាកលេខបន្ទាយមានជ័យ2A.1542 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅត្បូងមកជើង បានបុកកិនពីលើអ្នកទាំង៣ បណ្តាលស្លាប់នៅនឹងកន្លែង ហើយរថយន្តរុលចង្កូតទៅបុកបង្គោលភ្លើងបាក់ជាប់ទៅមុខលេងរួច។ ភ្លាមៗនោះដែរ កម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនអ្នកបើកបរភ្លាមៗ។ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបើកបរបើករថយន្តងងុយដេកទើបរ៉េចង្កូតទៅបុកជនរងគ្រោះជិះម៉ូតូ៣នាក់បណ្តាលស្លាប់នឹងកន្លែង។ ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញអូសទៅរក្សាទុកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ រស្មី