អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងទាំងស្រុង នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងទាំងស្រុង កាលពីព្រឹកម៉ោង៩:០០ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅផ្លូវ៦២R ក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៊ូន សារី ភេទស្រី អាយុ៦៨ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មៅខ្មួញខ្មាញ ចេញអណ្ដាតភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យទំនាក់ទំនងទៅកម្លាំងអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ បាញ់ពន្លត់រហូតដល់ម៉ោង០៩និង៤០នាទី ព្រឹក ថ្ងៃដដែល ទើបគ្រប់គ្រងស្ថានការណ៍បាន។

ដោយឡែក សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គិភ័យចំនួន១៥គ្រឿង អស់ទឹកចំនួន១៥ឡាន រួមមាន៖ រថយន្តពន្លត់អគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿង រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៤គ្រឿង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង រថយន្តកងពលតូចង៧០ចំនួន០៣គ្រឿង និងរថយន្តសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿង។ ចំពោះមូលហេតុ សមត្ថកិច្ចឲ្យដឹងថា គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ដោយឡែកការខូចខាតមាន៖ ឆេះអស់ទាំងស្រុងផ្ទះ ទំហំ6ម៉ែត្រx7ម៉ែត្រ និងម៉ូតូ២គ្រឿង ទ្រព្យសម្បត្តិមួយចំនួន និងរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងចំនួន៦គ្រួសារ ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ៕ សម្រួល៖ សង្ក្រាន្ត