អាជ្ញាធរជាតិអប្សរាជូនដំណឹងស្តីពីការអនុវត្តគម្រោងរៀបចំប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវ នៅមុខប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា​ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឲ្យបានដឹងថា ដើម្បីចូលរួមចំណែកធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខខាងលិចប្រាសាទអង្គរវត្ត មានភាពល្អប្រសើរ ព្រមទាំងលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរឲ្យកាន់ល្បីល្បាញ និងស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍គម្រោងរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ និងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត ដែលមានប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ទៅ១៣ម៉ែត្រ ដោយមានការដាំស្មៅ ដើមឈើ និងរៀបចំសួនផងដែរ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០តទៅ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា នឹងផ្អាកការធ្វើចរាចរណ៍ដោយថ្មើរជើង និងយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវនេះជាបណ្តោះអាសន្នរហូតដល់ការដ្ឋានបានបញ្ចប់ជាស្ថាពរ ដើម្បីធានាបាននូវសុវត្ថិភាពជូនសាធារណជន និងភ្ញៀវទេសចរ។ ទន្ទឹមនេះ អាជ្ញាធរអប្សរា នឹងរៀបចំឲ្យមានផ្លូវថ្មើរជើងប្រើប្រាស់ជំនួសវិញ ដែលស្ថិតនៅលើផ្លូវកៅស៊ូត្រង់ចំណុចចំណតរថយន្ត មកសួនក្រវ៉ាន់ ឆ្ពោះទៅស្ពានបណ្តែតទឹក៕ ដោយ៖ សង្ក្រាន្ត
សូមអាននូវសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖