អាជ្ញាធរព្រមានចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ បើម្ចាស់ដីឡូតិ៍នៅបន្តសកម្មភាពរំលោភដីព្រៃរបស់រដ្ឋ

(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា នឹងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រសិនបើម្ចាស់ដីឡូតិ៍ នៅតែហ៊ានបន្តឈូសឆាយដោយបំពានដីព្រៃរបស់រដ្ឋតទៅទៀត។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ ថ្លែងបញ្ជាក់តាមទូរសព្ទ័ នាព្រឹកថ្ងៃទី១៤កុម្ភៈយ៉ាងដូច្នេះ គឺបន្ទាប់ពីមានបុគ្គលទៅឈូសឆាយព្រៃ បង្កើតជាគម្រោងពុះដីឡូតិ៍លក់ ដោយគ្មានច្បាប់អនុញ្ញាតិក្នុងតំបន់ហាមឃាត់។ លោកបន្តថា កាលពីថ្ងៃទី១៣កុម្ភៈម្សិលមិញនេះ មន្រ្តីបានចុះទៅពិនិត្យឃើញថា ទីតាំងដីខាងលើនៅក្នុងភូមិសាស្ត្រភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដីនេះស្ថិតក្នុងតំបន់២ ដែលជាដែនគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ លោកទទួលស្គាល់ថា ពិតជាមានការឈូសឆាយរួចរាល់ប្រហែល៣ទៅ៤ហិកតាមែន តែសកម្ម ភាពនោះយើងទើបតែដឹង។ ជាមួយនឹងការចុះទៅពិនិត្យរបស់មន្ត្រី គឺបានហៅម្ចាស់មកធ្វើកិច្ចសន្យាបញ្ឃប់គ្រប់សកម្មភាពទាំងអស់។

អភិបាលស្រុកវ័យក្មេងរូបនេះ បញ្ជាក់យ៉ាងដាច់ខាតថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ចាត់វិធានការចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រសិនបើម្ចាស់គម្រោងដីឡូតិ៍ខាងលើ នៅតែបន្តឈូសឆាយឬឈូសឆាយដោយលួចលាក់ក្នុងប្រការណាមួយ។ មិនថាដីនោះវាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ឬក៏ដីស្របច្បាប់នោះទេ តែរាល់ការធ្វើអាជីវកម្មណាមួយ ចាំចាប់ត្រូវសុំច្បាប់ជាមុន។

ទោះបីអាជ្ញាធរស្រុកបន្ទាយស្រី មិនទាន់បង្ហាញថា ម្ចាស់ទីតាំងដីឡូតិ៍ខាងលើជានណា ប៉ុន្តែមន្ត្រីដែលស្ថិតក្នុងហេតុការណ៍ អោយដឹងថា ម្ចាស់ដីឡូតិ៍ឈ្មោះឈិន សំអឿន ភេទប្រុសអាយុ ៥៤ឆ្នាំ។ គាត់គ្រោងឈូសឆាយដីនៅទីនោះ ប្រហែល៤០ហិកតា ប៉ុន្តែពេលនេះទើបឈូសបាន៣ទៅ៤ហិកតាប៉ុណ្ណោះ។

នៅថ្ងៃទី១៤កុម្ភៈនេះ លោកឈិន សំអឿន ដែលអះអាងថាជាម្ចាស់គម្រោងដីឡូត៍ មិនអាចសុំការបំភ្លឺបានទេ ដោយអ្នកទទួលទូរសព្ទ័ឆ្លើយថា ច្រឡំលេខ។សូមរម្លឹកថា នៅខេត្តសៀមរាប មានមន្ត្រីគ្រប់គ្រប់តំបន់មួយចំនួន អាចកន្ទេលធំបន្លំដេក៕សៀមរាបថ្មី