អត្ថាធិប្បាយ៖ កំពូលមេដឹកនាំម្នាក់ដែលប្រកបដោយមនុស្សធម៌ មេត្តាធម៌ និងសេចក្តីស្រឡាញ់

(ភ្នំពេញ)៖ ព្រឹត្តិការណ៍នៃការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះនាវាទេសចរណ៍ WESTER​DAM នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដែលគាប់ជួនគ្នាទិវាបុណ្យនៃក្តីស្រឡាញ់របស់ពិភពលោក បានឆ្លុះបញ្ចាំងឲ្យឃើញនូវអត្ថន័យដ៏ជ្រាលជ្រៅ រាប់លាន រាប់សែន ចាក់ធ្លុះទៅដល់    បេះដូងរបស់មនុស្សជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានមនុស្សជាតិទាំងឡាយគោរពស្រឡាញ់លោក កោតសរសើរវីរភាព និងសេចក្តីក្លាហានរបស់លោក កោតស្ញប់ស្ញែងនូវភាពឈ្លាសវៃរបស់លោក សុទ្ធតែបានចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា គឺជាកំពូលមេដឹកនាំម្នាក់ដែលមានបេះដូងប្រកបដោយគុណធម៌ មនុស្សធម៌ មេត្តាធម៌ និងសេចក្តីស្រឡាញ់ដោយគ្មានព្រំដែន។ សម្រាប់អ្នកដែលបានជិះនៅលើនាវាទេសចរណ៍ WESTERDAM ទាំង២.២៥៧ នាក់ ដែលបានរសាត់អណ្តែតនៅកណ្តាលសាគរដ៏ធំល្វឹងល្វើយ និងអស់សង្ឃឹមទៅហើយនោះក៏កាន់តែមានអារម្មណ៍រំភើបចិត្ត រំជួលចិត្ត រកទីបំផុតគ្មានឡើយ។ យើងសាកគិតទៅមើលថា តើអារម្មណ៍របស់យើងនឹងទៅជាយ៉ាងណានៅពេលយើងជិះនាវាទេសចរណ៍ WESTERDAM ជាមួយចម្រុះច្រើនជាតិសាសន៍ ដើម្បីធ្វើដំណើរកម្សាន្ត ថ្វីត្បិតជាតិសាសន៍ខុសគ្នា ប៉ុន្តែបំណងតែមួយរបស់យើងគឺសប្បាយជាមួយគ្នា រួមសុខ រួមទុក្ខជាមួយគ្នា រួមស្វែងយល់ជាមួយគ្នា​នូវទឹកដីភូមិសាស្រ្តដ៏គួរឲ្យស្រឡាញ់របស់ពិភពលោកមួយនេះ។ ប៉ុន្តែជាអកុសលនៅពេលដែលមានការបំភិតបំភ័យឲ្យមានការភ័យខ្លាចចំពោះការរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី ស្រាប់តែមនុស្សទាំង២.២៥៧នាក់ ត្រូវជា៤១ជាតិសាសន៍ បានក្លាយទៅជាមនុស្សដែលត្រូវគេផាត់ចោលដោយសារតែការរើសអើងទៅវិញ ។ នាវានេះមិនត្រូវបានអនុញ្ញាតឲ្យចូលចតនៅប្រទេស និងកោះមួយចំនួន ដែលសូម្បីតែមនុស្សនៅលើនាវានោះ ក៏ជាប្រជាជនរបស់ប្រទេសនោះក៏ដោយចុះ។ ក្រៅតែពីការភ័យខ្លាចចំពោះបច្ច័យអាក្រក់ណាមួយ ដែលអាចកើតឡើងបានគ្រប់វិនាទីក្នុងពេលដែលនាវាស្ថិតនៅតែលតោលកណ្តាលសាគរ និងគ្មានទីកន្លែងដែលត្រូវបានអនុញ្ញាតឲ្យចូលចត តើអ្នកទាំងនោះមានអារម្មណ៍ភ័យព្រួយយ៉ាងណា? កាន់តែធ្ងន់ធ្ងរជាងនេះ តើពួកគេមានអារម្មណ៍ឈឺចាប់ដូចម្តេច និងស្លុតរន្ធត់ចិត្តយ៉ាងណានៅពេលដែលដឹងថា ពួកគេទទួលបាននូវការរើសអើងសូម្បីតែរដ្ឋាភិបាលរបស់ប្រទេសខ្លួនផងនោះ។

ក្នុងស្ថានភាពដ៏អស់សង្ឃឹមនេះ នៅថ្ងៃទី១២ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន សម្រេចអនុញ្ញាតឲ្យនាវានោះចូលចតនៅកំពង់ផែព្រះសីហនុ ដោយសម្តេចបានលើកហេតុផលថា បញ្ហានេះវាបានក្លាយជាបញ្ហាប្រឈមសកលរួចទៅហើយ ហើយក៏ជាបញ្ហាមនុស្សធម៌ដ៏គ្មានព្រំដែនដែរ។ កម្ពុជាគ្មានឡើយការរើសអើងប្រកាន់ពូជសាសន៍ ដែលកិច្ចការនេះបង្ហាញឲ្យឃើញច្បាស់ពីការងារមនុស្សធម៌ដ៏ប្រពៃ និងសន្តានចិត្តយកអាសាររបស់ប្រជាជនកម្ពុជា សម្រាប់មនុស្សទាំងអស់លើពិភពលោក។ ជាមួយគ្នានេះ ក៏បង្ហាញឲ្យឃើញពីការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិជាចម្បងដោយដំបូងបំផុតគឺគោរពដល់សិទ្ធិនៃការរស់រានមានជីវិតរបស់មនុស្ស២.២៥៧នាក់នៅលើនាវានេះ។

នៅពេលទទួលស្វាគមន៍អ្នកដែលចុះចេញពីនាវាទេសចរណ៍ WESTERDAM​ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានពិភពលោកប្រសិទ្ធនាមថា ជាមេដឹកនាំកំពូលម្នាក់ដែលមានបេះដូងប្រកបដោយគុណធម៌ មនុស្សធម៌ មេត្តាធម៌ និងសេចក្តីស្រឡាញ់ដោយគ្មានព្រំដែន បានហុចជូនផ្កាមួយទងម្នាក់ៗ ក្នុងមនោសញ្ចេតនារីករាយ កក់ក្តៅ យ៉ាងក្រៃលែង។ នោះជាក្តីរំភើបមួយដ៏អស្ចារ្យ។ ជាក្តីរំភើបមិនមែនសម្រាប់តែមនុស្សទាំង២.២៥៧នាក់ ដែលត្រូវបានគេផាត់ចេញពីពិភពលោកមួយ ដែលកំពុងរងគ្រោះដោយជំងឺភ័យខ្លាច និងតក់ស្លុត តាមរយៈការរើសអើង និងការបណ្តោយទុកឲ្យរសាត់អណ្តែតទាំងអស់សង្ឃឹមនៅកណ្តាលសាគរនោះទេ ប៉ុន្តែក៏ជាក្តីរំភើបសម្រាប់ប្រជាជនកម្ពុជាផងដែរ។ ប្រជាជនកម្ពុជាដ៏ស្លូតបូត ប្រជាជនកម្ពុជាដែលធ្លាប់មានអារ្យធម៌ដ៏រុងរឿងតាំងពីអតីតកាល គឺជាប្រជាជាតិដែលមានបេះដូងទូលាយ មានសន្តានចិត្តស្មោះត្រង់សណ្តោសប្រណី ហើយជាប្រពៃណីរបស់ប្រជាជាតិមួយនេះ ការជួយគ្នាក្នុងគ្រាអាសន្នបែបនេះគឺ តែងតែកើតមានជារៀងដរាប និងមិនដែលកំណត់ព្រំដែនទេ។  ប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ប្រវត្តិនៃសោកនាដកម្មរាប់មិនអស់ ធ្លាប់ត្រូវគេជាន់ពន្លិច ត្រូវគេប្រមាថ ត្រូវគេរើសអើង ពិតជាស្គាល់ច្បាស់ណាស់អំពីជម្រៅនៃការឈឺចាប់នេះ ។

នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ដែលជាទិវានៃក្តីស្រឡាញ់របស់ពិភពលោក ប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានចែករំលែកនូវក្តីស្រឡាញ់របស់ខ្លួន ជូនចំពោះមនុស្សទាំង ២.២៥៧នាក់ នៅលើនាវាទេសចរណ៍ WESTERDAM​ ។ ប៉ុន្តែអ្វីដែលប្រជាជនកម្ពុជាធ្វើបាន គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ។ អ្វីដែលជាអត្ថន័យកាន់តែជ្រាលជ្រៅនៅក្នុងព្រឹត្តិការណ៍មួយនេះ គឺអ្នកទេសចរណ៍ទាំងអស់នេះក៏ទទួលបានមនុញ្ញផលសន្តិភាពរបស់កម្ពុជាដែរ។

សូមអរគុណសន្តិភាព!!

ដោយ៖ លី ទួង